ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារបង្ហាញពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររវាងអតីតបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ។ 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ដើម្បីបន្ត សម្របសម្រួលដោះស្រាយបញ្ចប់វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើល ដូចដែលក្រសួងបានខិតខំនា ពេលកន្លងមក និងស្របតាមស្មារតីនៃកិច្ចសន្យា ក៏ដូចជាសំណូមពររបស់អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលបានអះអាងជាមួយក្រសួងថានឹងធ្វើជាតំណាងរបស់អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ក្នុងការដោះស្រាយបញ្ចប់វិវាទការងាររួមជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងបានអញ្ជើញតំណាងភាគីកម្មករ និយោជិត និងតំណាងភាគីនិយោជកមកបន្តប្រជុំដោះស្រាយវិវាទនៅទីស្តីការក្រសួង នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២រសៀល។

ជាក់ស្តែង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ តំណាងភាគីនិយោជកបានមកចូលរួមប្រជុំតាម ការអញ្ជើញរបស់ក្រសួង ចំណែកតំណាងភាគីកម្មករនិយោជិតមិនបានមកចូលរួមប្រជុំតាមការអញ្ជើញរបស់ ក្រសួងឡើយ។

ក្រសួងមានការសោកស្តាយដែលកិច្ចប្រជុំនេះមិនអាចដំណើរការបាន។ ជាថ្មីម្តងទៀត ក្រសួងក៏សូម អំពាវនាវដល់តំណាងភាគីកម្មករនិយោជិត មេត្តាចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ដើម្បីដោះស្រាយ បញ្ចប់ករណីវិវាទរួមនេះឱ្យបានឆាប់ស្របតាមនីតិវិធីច្បាប់ និងតាមការសន្យារបស់ខ្លួន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទីរសៀល នៅទីស្តីការក្រសួង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជ្រាបតាមការគួរ៕

ដោយ ៖ សិលា


ចែករំលែក៖