គណៈប្រតិភូពិភាក្សារបស់រុស្ស៊ីនិងអ៊ុយក្រែនមានលក្ខណៈស្ថាបនា ហើយភាគីទាំងពីរកំពុងពិភាក្សាគ្នាលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនាពេលអនាគតដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោកVolodymir Zelenskyy បាននិយាយនៅថ្ងៃពុធនេះថាកិច្ចចរចាសន្តិភាពហាក់ដូចជាមានភាពប្រាកដនិយមជាងមុន ប៉ុន្តែត្រូវការពេលវេលាបន្ថែមទៀត ខណៈការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់មនុស្ស៥នាក់ ក្នុងរដ្ឋធានីកៀវ ហើយរហូតមកដល់ពេលនេះ ជនភៀសខ្លួនអ៊ុយក្រែនបានកើនឡើងដល់ជាង៣លាននាក់។
នៅក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គីបានបញ្ជាក់ដូច្នេះថា «កិច្ចពិភាក្សានៅតែបន្តនៅថ្ងៃពុធនេះ ហើយខ្ញុំបានទទួលព័ត៌មានថា លក្ខខណ្ឌអំឡុងពេលចរចាហាក់មានភាពប្រាកដនិយមជាងមុន»។ ប៉ុន្តែយើងនៅតែត្រូវការពេលវេលាសម្រាប់ធ្វើការសម្រេចចិត្តដើម្បីផលប្រយោជន៏របស់អ៊ុយក្រែន»។
លោកបន្ថែមថា ចំណុចដែលអាចទៅរួច គឺអ៊ុយក្រែនបានត្រៀមលក្ខណៈទទួលយកការធានាសន្តិសុខពីលោកខាងលិចជំនួសឱ្យការចូលជាសមាជិករបស់អង្គការណាតូដែលជាគោលដៅរយៈពេលវែងរបស់ខ្លួន។ ទីក្រុងមូស្គូយល់ថាសម្ព័ន្ធភាពរវាងអ៊ុយក្រែនជាមួយ ប្រទេសលោកខាងលិចនាពេលអនាគតគឺជាការគំរាមកំហែង និងទាមទារមិនឱ្យអ៊ុយក្រែនចូលជាសមាជិកភាពរបស់អង្គការណាតូ។
ក្រុមមន្រ្តីអ៊ុយក្រែនបាននិយាយថាសង្រ្គាមអាចនឹងបញ្ចប់លឿនជាងការរំពឹងទុកប្រហែលជាត្រឹមខែឧសភាខាងមុខនេះ ដោយទីក្រុងមូស្គូអាចនឹងឈានដល់ការសម្រេចចិត្តមួយបន្ទាប់ពីផែនការរបស់រដ្ឋាភិបាលបរាជ័យ ដោយសារតែបាត់បង់កម្លាំងទ័ព និងការរត់ចោលជួរពីសំណាក់កងទ័ពរុស្ស៊ី៕ ដោយ៖ ធីរីណា
រូបថត៖AP