ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបាននៅក្រុងខេមរភូមិន្ទមកជាប់អន្ទាក់នគរបាលស្រុកស្រែអំបិល

ចែករំលែក៖

ខេតត្តកោះកុង ៖ កម្លាំងនគរបាលស្រុកស្រែអំបិល បានតាមប្រមាញ់និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចម៉ូតូបានមួយគ្រឿងពីចម្ងាយ ហើយគេចខ្លួនមកដល់ទីនេះ ពេលចាប់បានប្រគល់ឱ្យសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ ចាត់ការតាមច្បាប់។

  ការឃាត់ខ្លួនជនសង្ស័យរូបនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង ១០និង៣០ ព្រឹកថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២២ នៅចំណុច​វាល​ស្បូវ​ភូមិ​ត្រពាំងរូង​ ឃុំ​ត្រពាំងរូង ស្រុកស្រែអំបិល ខេត្តកោះកុង។

  មន្ត្រីនគរបាលស្រុកស្រែអំបិលបានឲ្យដឹងថា ​ជនសង្ស័យ​ឈ្មោះ​ គួ​យ​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ជាង​ពិ​ដាន​ បច្ចុប្បន្ន​នៅ​ភូមិ​ ៣​ ឃុំ​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ។​ រីឯម៉ូតូដែលជននេះលួចបានជិះគេចខ្លួនមកស្រុកស្រែអំបិលនេះ ម៉ាក​ HONDA​ DreamC125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ (​កោះកុង​1B​ 9586)​ ជាកម្មសិទ្ធិជនរងគ្រោះម្នាក់រស់នៅ​ចំណុច​វាល​ស្បូវ​ភូមិ​ត្រពាំងរូង​ ឃុំ​ត្រពាំងរូង​ ស្រុក​កោះកុង​ ខេត្តកោះកុង​ ។​ ក្រោយលួចបានម៉ូតូមួយគ្រឿងនេះពីក្រុងខេមរភូមិន្ទហើយនោះ ជនសង្ស័យបានជិះគេចខ្លួនហើយដោយមានកិច្ចសហការពីកម្លាំងនគរបាលក្រុងខេមរភូមិន្ទរាយការណ៍ឲ្យដឹងថាជនសង្ស័យខាងលើជិះម៉ូតូដែលលួចបានសំដៅមកស្រុកស្រែអំបិល ទើបកម្លាំងនគរបាលយើងចាប់ឃាត់ខ្លួនបានទាំងមនុស្សនិងម៉ូតូតែម្តង។

  បច្ចុប្បន្ន ជនសង្ស័យនិងម៉ូតូមួយគ្រឿងដែលលួចបានពីជនរងគ្រោះនេះ ត្រូវបានកម្លាំងនគរបាលស្រុកស្រែអំបិលប្រគល់ជូនសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទដើម្បីចាត់ការតាមច្បាប់បន្ត៕

 

ដោយ ៖ ប្រាថ្នា


ចែករំលែក៖