ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា មន្ត្រី ក.ប.ប. បន្តត្រួតពិនិត្យនិងដកហូតទំនិញមិនមានអនុលោមភាពពីទីផ្សារ និងផ្សព្វផ្សាយប្រកាសស្តីពីលក្ខខណ្ឌតម្រូវលើការចែកចាយគ្រឿងសម្អាង ដល់អាជីវករ មុននឹងឈានដល់ការអនុវត្តនីតិវិធី ចំពោះអាជីវកម្មគ្រឿងសម្អាងដែលមិនអនុលោមតាមច្បាប់ ។
មន្រ្តីជំនាញ បានបន្តថា ក្នុងគោលបំណងស្រាវជ្រាវ ទប់ស្កាត់ការ ទំនិញមានសារធាតុគីមីហាមឃាត់ ទំនិញដែលមិនមានអនុលោមភាពតាមបទប្បញ្ញត្តិ ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ មន្ត្រីសាខា ក.ប.ប. សហការជាមួយអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យទំនិញនៅតាមផ្សារ ស្តង់លក់បន្លែ ផ្ទះលក់ទំនិញ ស្ថិតនៅក្នុង ក្រុងកែប ខេត្តកែប ស្រុកស្រែអំបិល ខេត្តកោះកុង ស្រុកបរកែវខេត្តរតនគិរី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្រុកឈូក ខេត្តកំពត ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ស្រុកសន្ទុកនិងស្រុកបារាយណ៍ខេត្តកំពង់ធំ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមដើម្បីរកសារធាតុគីមីហាមឃាត់លើទំនិញចំនួន ២៤ គំរូ ក្នុងនោះរួមមាន ប្រហុក ផ្អកត្រីប្រា បន្លែ ផ្លែឈើ និងគ្រឿងសមុទ្រស្រស់/ក្រៀម ។ល។ ដែលជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់លើផលិតផលទាំងនោះទេ។
យ៉ាងណាមិញក្រោយការត្រួតពិនិត្យ មន្ត្រីយើងបានរកឃើញ និងធ្វើការដកហូតនូវទំនិញចម្រុះពុំមានអនុលោមភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលដាក់តាំងលក់លើទីផ្សារសរុបចំនួន ២១០.៥៥គីឡូក្រាម យកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីរៀបចំនីតិវិធីកម្ទេចចោលនាពេលក្រោយ និងបានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករដែលមានចេតនាដាក់តាំងលក់ទំនិញមិនមានអនុលោមភាព។
ទន្ទឹមនឹងនោះ មន្ត្រី ក.ប.ប. ប្រចាំខេត្តកណ្តាល និងខេត្តឧត្តរមានជ័យបានចុះផ្សព្វផ្សាយ ប្រកាសលេខ ០០៦៤ ស្តីពីលក្ខខណ្ឌតម្រូវលើការចែកចាយគ្រឿងសម្អាងដល់អាជីវករលក់គ្រឿងសម្អាង ដល់អាជីវករលក់គ្រឿងសម្អាងឱ្យបានយល់ដឹងអំពីច្បាប់ ជៀសវាងការដាក់លក់គ្រឿងសម្អាងដោយពុំអនុលោមទៅតាមបទប្បញ្ញត្តិ បានសរុបចំនួន ២៩ទីតាំងផងដែរ៕
ដោយ៖សហការី