ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីចេញបញ្ជាហាមប្រាមបណ្តាញសង្គម Facebook និង Instagram

ចែករំលែក៖

នាយកដ្ឋានសន្តិសុខជាតិរុស្ស៊ី FSB បានចោទប្រកាន់ក្រុមហ៊ុន មេតា (Meta) ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក មានសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ទីក្រុងមូស្គូ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ តុលាការរុស្ស៊ីបានចេញដីកាហាមប្រាមបណ្តាញសង្គម ហ្វេសប៊ុក និងអុីនស្តាក្រាម ដោយចោទប្រកាន់ថាមានសកម្មភាពជ្រុលនិយម។
តាមសំណើរបស់ចៅក្រម បណ្តាញសង្គម Facebook និង Instagram ត្រូវបានហាមប្រាមដោយសារតែមានសកម្មភាពប្រឆាំងទីក្រុងមូស្គូ ។ ប៉ុន្តែសេវាកម្មផ្ញើសារ WhatsApp នៅតែអនុញ្ញាតឱ្យដំណើរការក្នុងប្រទេសរុស្ស៊ី។
នាយកដ្ឋានសន្តិសុខជាតិរុស្ស៊ី ក៏បានចោទប្រកាន់ក្រុមហ៊ុនមេតា ដែលមានសកម្មភាពប្រឆាំងរុស្ស៊ី នៅក្នុងសង្គ្រាមជាមួយប្រទេស
អ៊ុយក្រែន។ ក្រោយការសម្រេចរបស់តុលាការ ការហាមប្រាមនេះនឹងចូលជាធរមានភ្លាមៗ។ ទោះបីយ៉ាងណាក៏ដោយ មុននោះស្ថាប័នឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី Roskomnadzor បានចាប់ផ្តើមបិទ Facebook និង Instagram ភ្លាមៗនោះដែរ។
មកទល់ពេលនេះក្រុមហ៊ុនមេតា មិនទាន់មានប្រតិកម្មអ្វីជុំវិញការហាមប្រាមរបស់រុស្ស៊ីនៅឡើយ ។ កន្លងមក មេធាវីរបស់ក្រុមហ៊ុនមេតា លោក Victoria Shagina បានបញ្ជាក់ថា ក្រុមហ៊ុននឹងមិនមានសកម្មភាពប្រឆាំងរុស្ស៊ីនោះឡើយ។
មិនត្រឹមតែក្រុមហ៊ុនមេតាប៉ូណ្ណោះទេគឺនៅមានបណ្តាញសង្គមផ្សេងទៀតក៏ត្រូវបានហាមប្រាមនៅក្នុងប្រទេសរុស្ស៊ីផងដែរ ក្នុងនោះមាន Twitter ក៏ត្រូវបានកាត់បន្ថយសកម្មភាពផងដែរ ៕

ដោយ៖ ធីរីណា(រូបថត៖AAP)


ចែករំលែក៖