ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស៊ីម៉ងត៍បើកកៀរម៉ូតូស្ត្រីដឹកបន្លែបណ្តាលឱ្យដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ដឹកបន្លែពេញម៉ូតូមកពីផ្សារក្នុងគោលដៅយកទៅលក់នៅផ្ទះម្តុំភូមិសែនសុខ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តប្រភេទសណ្តោងដឹកស៊ីម៉ងត៍បើកកៀរបណ្តាលឱ្យដួលបោកក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវបេតុង កែងភ្លើងស្តុបអ៉ីអន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

   ស្ត្រីរងគ្រោះមានវ័យជាង៤០ឆ្នាំ ជិះម៉ូតូម៉ាកហុងដាវ៉េវ សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FK-0821 ដឹកបន្លែពេញម៉ូតូមកពីផ្សារដើមគ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5484 ជាប្រភេទសណ្តោងដឹកស៊ីម៉ងត៍ អ្នកបើកបរគេចបាត់ពីកន្លែងកើតហេតុក្រោយបង្កគ្រោះថ្នាក់រួច។

   តាមសាក្សីបានឱ្យដឹងថា មុនដំបូងគេឃើញជនរងគ្រោះជិះម៉ូតូពីត្បូងមកជើង (ទិសដៅពីភ្លើងស្តុបម៉ាក្រូមកភ្លើងស្តុបអ៉ីអន២) រួចបានឆ្លងភ្លើងស្តុបអ៉ីអន២បត់ឆ្វេងដៃបានប្រហែល២០ម៉ែត្រ ក៏ស្រាប់រថយន្តបង្កបើកមកក្បែរកៀរម៉ូតូស្ត្រីរងគ្រោះបណ្តាលឱ្យជនរងគ្រោះដួលបោកនឹងកង់រថយន្តរងរបួសក្បាលធ្ងន់ធ្ងរ។ ភ្លាមនោះអ្នកបើកបរបានចុះពីរថយន្តរត់គេចខ្លួនបាត់តែម្តង ។

   ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវរថយន្តសាមុយគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ។  ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែង រួចយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖