ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការបើករនាំងដែលលែងតម្រូវឱ្យមានការធ្វើតេស្តភ្ញៀវទេសចរហាក់មានកំណើនឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគេសង្កេតឃើញថាភ្ញៀវទេសចរចាប់ផ្ដើមមានកំណើនជាថ្មី នៅតាមគោល ដៅទេសចរណ៍ នានាទាំងរាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្ត។ ការកើនឡើងជាថ្មី គឺសង្កេតឃើញក្រោយពេលដែលកម្ពុជា សម្រេចដកចេញរាល់រនាំងនានាសម្រាប់ការធ្វើដំណើរចូលកម្ពុជា។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានប្រកាសមិនតម្រូវឱ្យធ្វើចំពោះភ្ញៀវទេសចរណ៍ទៀតទេ។ នោះគឺវាបានចាប់ផ្ដើមការបើកទទួលភ្ញៀវទេសចរដោយសេរីជាថ្មី ដោយដោយលែងតម្រូវឱធ្វើតេស្ត PCR រយៈពេល ៧២ ​ម៉ោងមុនចូលមកកម្ពុជា ​និងការលុបចោលនូវការការធ្វើតេសត្ត​រហ័ស​ពេលមកដល់ ​ទឹកដីកម្ពុជា និងការបើកដំណើរការឡើងវិញនូវទិដ្ឋាការពេលមកដល់កម្ពុជា។

បន្ទាប់ពីការបើកទទួលភ្ញៀវទេសចរដោយគ្មានរនាំងរឹតត្បឹតនេះ ដូចដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ19 នោះពេលនេះបានធ្វើឱ្យចំនួនភ្ញៀវបរទេសចាប់​ផ្ដើម​មានកំណើនជាថ្មី។ ​ជាក់ស្ដែងវត្តមានភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញវត្តមានច្រើនជាង​មុន​ នៅផ្សារទួលទំពូង ជាទីផ្សារលក់វត្ថុអនុស្សាវរីយ៍ ​ពេញនិយមសម្រាប់ភ្ញៀវ​ទេសចរ​កន្លងមក។

ស្រ្តីជនបរទេសម្នាក់ដែលកំពុងដើររកទិញរបស់របរក្នុងផ្សារទួលទំពូង​លើក​ឡើងថា ​កម្ពុជាគឺជាប្រទេសជាប្រទេសដ៏ល្អសម្រាប់ជនបរទេសមកកំសាន្ត។ ជាក់ស្ដែង​គាត់​ពេញចិត្ត គ្រប់យ៉ាងនៅកម្ពុជា​ សម្រាប់កំឡុងពេលកំពុងស្នាក់នៅនេះ។

វត្តមានភ្ញៀវទេសចរបរទេសកើនឡើងនេះ ​ក៏ផ្ដល់នូវក្ដីរីករាយ ​ក្ដីសង្ឃឹម ភាពប្រសើរឡើង​សម្រាប់​អាជីវករ ​នៅផ្សារទួលទំពូងផងដែរ។ នេះជាការលើកឡើងរបស់ លោកស្រី នី រតនា ជាអាជីវករលក់ គំនូរ។

លោក ចំរើន សុខលីមប្រធានផ្សារទួលទំពូង ​លើកឡើងថា កំឡុង​ពេលនេះ ភ្ញៀវទេសចរអន្តរជាតិចាប់ផ្ដើមមានកំណើនជាថ្មី។ ​ជាក់ស្ដែងរៀងរាល់ថ្ងៃ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិប្រមាណ ​ជាង២០០នាក់ ​បានមកផ្សារ ​ទួលទំពូង ​ដែលកន្លងទៅ គឺមានជន​បរទេសប្រមាណតែ ២០ទៅ ៣០នាក់ ប៉ុណ្ណោះចូលមកផ្សារ ហើយពួកគាត់ជាជនបរទេសដែល​រស់​នៅ​ជុំវិញផ្សារប៉ុណ្ណោះ។

លោកសង្ឃឹមដែរថា ថ្ងៃខាងមុខ ​ជនបរទេសនឹងកើនឡើងរហូតដល់​ ចន្លោះពី ​១៥០០នាក់ទៅ ២០០០នាក់​ក្នុងមួយថ្ងៃ​ ដូចពេលមិនទាន់មានកូវីដ៕

ដោយ៖ សូរិយា


ចែករំលែក៖