ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជួបសំណេះសំណាល និងប្រគល់កុំព្យូទ័រយួរដៃដល់និស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន១៥០នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រយួរដៃដល់និស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន១៥០នាក់ ដែលសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា  វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ចំពោះនិស្សិតពូកែនិទ្ទេស A និង B ទាំង ១៥០នាក់ ដែលទទួលបានអាហារូបកណ៍ដ៏ពិសេសនេះ។ លោករដ្ឋមន្ត្រី បានណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ដោយត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ក្រោមការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកទឹកចិត្តដល់និស្សិតឱ្យសិក្សាជំនាញឌីជីថល។ 

បន្ថែមលើនោះដែរ លោករដ្ឋមន្ត្រី មានសង្ឈឹមជឿជាក់យ៉ាងមុតមាំងថា និស្សិតដែលទទួលបានជ័យលាភីអាហារូបករណ៍នៅពេលនេះ នឹងចូលរួមចំណែកដ៏ធំធេងទៅដល់ការអភិវឌ្ឍប្រទេស ជាពិសេសគឺវិស័យបច្ចេកវិទ្យាឌីជីថលនេះផងដែរ ព្រមទាំងអាចក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះនាពេលអនាគត ក្នុងខណៈដែលប្រទេសយើងកំពុងតែកសាងខឿនសេដ្ឋកិច្ចឌីជីថល និងឈានទៅអភិវឌ្ឍឧស្សាហកម្មជំនាន់ទី៤។ ។

សូមបញ្ជាក់ថា និស្សិតដែលជាប់ជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ទទួលបានអត្ថប្រយោជន៍ សម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ រួមមាន ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភ ៣២០,០០០ រៀលក្នុងមួយខែ ព្រមទាំងកុំព្យូទ័រយួរដៃ ១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការសិក្សាផងដែរ។ គិតចាប់តាំងពីឆ្នាំ ២០២០ ដែលអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានបង្កើតឡើង មាននិស្សិតពូកែចំនួន ២៥០ នាក់ ដែលបានឆ្លងកាត់ការធ្វើតេស្តសមត្ថភាព ហើយជាប់ជ័យលាភីអាហារូបករណ៍នេះ ដោយក្នុងនិស្សិតជានារីមានចំនួន៦៦ នាក់ ៕ 

ដោយ ៖ សិលា


ចែករំលែក៖