ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការឃាត់ខ្លួននិងរឹបអូសបានគ្រឿងញៀនជិត១គីឡូក្រាម។
ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:៤០នាទី ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខឹម ជាសុខា លោកវរសេនីយ៍ទោ ប៊ូ រតន: នាយរងការិយាល័យ(ក៩) ព្រមទាំងមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចបុរីផុនស៊ុយ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ន ឈឹង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងចាប់យកវត្ថុតាងមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៩៩៧.៩០ក្រាម។
បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ស សម