ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម ( Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភាបន្តជួយជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំនិងគ្រប់គ្រប់ជ្រុងជ្រោយបន្ថែមទៀត។
រដ្ឋសភាកម្ពុជានិងប៉ាគីស្ថាន មានអនុស្សារណៈយោគយល់គ្នា (MOU) ហើយលោលអនុប្រធានរដ្ឋសភាប៉ាគីស្ថាន ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំប៉ុន្មានឆ្នាំកន្លងទៅ។
រដ្ឋសភាកម្ពុជានិងប៉ាគីស្ថានបានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាសភា នៅលើឆាកអន្តរជាតិ និងបានសន្យាថាខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត ពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ច បទពិសោធន៍ជាមួយគ្នានៅគ្រប់កម្រិត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា រដ្ឋសភាកម្ពុជា និងប៉ាគីស្ថាន បានធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបានយ៉ាងល្អប្រសើរ ពិសេសលើវិស័យការទូតសភា ដោយបានគាំទ្រគ្នាទៅវិញទៅមក ទៅលើវេទិកាអន្តរសភាតំបន់ និងសកលលោក។ រដ្ឋសភាកម្ពុជាធ្លាប់បានគាំទ្រសភាប៉ាគីស្ថាន ជាអនុប្រធាន អាយភីយូ និងបច្ចុប្បន្នគាំទ្រជាសភាអងេ្កតការណ៍របស់អាយប៉ា។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា នៅចុងឆ្នាំ ២០២២នេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី៤៣ នៃមហាសន្និបាអាយប៉ា ហើយសង្ឃឹមថា សភាប៉ាគីស្ថាន នឹងមានវត្តមាននៅក្នុងមហាសន្និបាតAIPAនេះ។
លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម និងពាំនាំប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋជូនថ្នាក់ដឹកនាំរដ្ឋសភាប៉ាគីស្ថាន និងបានសម្តែងការជឿជាក់ថារដ្ឋសភាប៉ាគីស្ថាននឹងចូលរួម នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចផងដែរ ពីលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ដែលឯកឧត្តមបានចូលជួបសម្តែងការគួរសមនៅក្នុងពេលផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនងការទូតប្រទេសទំាងពីរដែលមានរយៈពេលជាង៧០ឆ្នាំមកហើយនោះ កាន់តែរឹងមាំលើគ្រប់វិស័យបន្ថែមទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោត សរសើរ និងសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយបានគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរជាតិនានា ជាពិសេសរបៀបវារៈសកល ដែលជាគោលនយោបាយស្នូលនាពេលបច្ចុប្បន្ន។
សម្តេចលើកទឹកចិត្តដល់រដ្ឋាភិបាលប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ល្អនេះ ឲ្យកាន់តែប្រសើរ និងស៊ីជម្រៅថែមទៀត លើវិស័យអាទិភាពនានា ជាពិសេសវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់ និងសកលលោក ផងដែរ៕
ដោយ៖ សូរិយា