ខ្សែបម្រើ Wilfred Ndidi របស់ក្លិប Leicester City នឹងអវត្តមានពេញមួយរដូវកាល បន្ទាប់ពីរបួសជង្គង់អំឡុងពេលចាញ់ក្រុម Stade Rennais ក្នុងការប្រកួត Europa Conference League មុនពេលសម្រាកអន្តរជាតិ។នេះបើតាមអ្នកចាត់ការទូទៅក្លិបលោក Brendan Rodgers បាននិយាយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។
លោក Rodgers បានប្រាប់សន្និសីទសារព័ត៌មានមួយថា កីឡាករអន្តរជាតិនីហ្សេរីយ៉ា Ndidi បានទទួលការវះកាត់ ហើយត្រូវបានគេរំពឹងថា នឹងត្រឡប់មកធ្វើសកម្មភាពវិញនៅក្នុងខែមិថុនា។កីឡាករវ័យ២៥ឆ្នាំរូបនេះបានខកខានការប្រកួតជម្រុះ World Cup របស់ប្រទេសនីហ្សេរីយ៉ា ដែលពួកគេបានចាញ់ក្រុមហ្គាណាកាលពីថ្ងៃអង្គារ។
លោក Rodgers បាននិយាយថា “វាជារឿងអាម៉ាស់មួយសម្រាប់ពួកយើង ប៉ុន្តែគាត់នឹងត្រៀមខ្លួនសម្រាប់រដូវកាលក្រោយ។ គាត់គឺជាកីឡាករដ៏អស្ចារ្យសម្រាប់ខ្ញុំនៅក្នុងពេលវេលារបស់ខ្ញុំនៅទីនេះ។ គាត់បានទទួលរបួសដ៏អាក្រក់ដែលត្រូវវះកាត់ ហើយគាត់នឹងជាសះស្បើយពីពេលនេះរហូតដល់ខែមិថុនា”។
Ndidi បានចូលរួមជាមួយក្រុម Leicester ពីក្រុម Genk របស់បែលហ្ស៊ិកក្នុងខែមករា ឆ្នាំ២០១៧។ គាត់បានលេង៣១ប្រកួតសម្រាប់ក្លិបនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។
សូមបញ្ជាក់ថា ក្រុម Leicester កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ១០ក្នុងតារាង Premier League នឹងត្រូវធ្វើដំណើរទៅជួប Manchester United ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៦នៅថ្ងៃសៅរ៍ វេលាម៉ោង១១កន្លះយប់។ក្រុមចចកកំណាច Leicester City មាន៣៦ពិន្ទុ ក្នុង២៧ប្រកួត ខណៈដែលក្រុមបិសាចក្រហម Manchester United មាន៥០ពិន្ទុ ក្នុង២៩ប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)