ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឱ្យឡាវជំរុញសកម្មភាពពាណិជ្ជកម្មនៅតាមព្រំដែន និងសក្តានុពលផ្សេងៗទៀត រវាងប្រទេសទាំងពីរឲ្យបានកាន់តែប្រសើរឡើងថែមទៀត ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩។
នៅវិមានសន្តិភាពព្រឹកថ្ងៃទី១១មេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យ លោក បួកែវ ភុំវង់សាយ (Buakeo Phumvongsay ) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសំដែងការគួរសម។
លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា លោក បួកែវ ភុំវង់សាយ បានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចដែលបានចំណាយពេល អនុញ្ញាតឲ្យលោកបានជួបសំដែងការគួរសម។
ឯកអគ្គរដ្ឋទូតក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ១៩ តាមរយៈការជួយឧបត្ថម្ភវ៉ាក់សាំង រថយន្តដឹកជញ្ជូនវ៉ាក់សាំងព្រមទាំងថវិកាជួយដល់រដ្ឋាភិបាលឡាវ ។ លោកក៏បាននាំមកពាក្យបណ្ដាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីឡាវជូនចំពោះសម្ដេចតេជោ ផងដែរ ។
ជាការឆ្លើយតប សម្តេចតេជោ ក៏បានស្វាគមន៍និងអបអរសាទរជូនចំពោះលោកភុំវង់សាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានស្នើភាគីឡាវជម្រុញសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មតាមព្រំដែននិងពិនិត្យមើលសក្តានុពលផ្សេងទៀត សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតថ្មីក៏បានប្ដេជ្ញាជូនចំពោះសម្ដេចជួបផងដែរថា ក្នុងបេសកកម្មជាអ្នកការទូតនៅនៅព្រះរាជាណាចក្រកម្ពុជាលោកនឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រីក ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកើនឡើងមួយកម្រិតទៀត ដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អដែលមានស្រាប់៕
ដោយ៖ សូរិយា