ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតជូនពរ បងប្អូនជនរួមជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូន បងប្អូនជនរួមជាតិ ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រឹស្តសករាជ ២០២២

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ដែលនឹងឈានមកដល់ នៅថ្ងៃ ១៣-១៤-១៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខ ខ្ញុំព្រះករុណា ខ្ញុំមានក្តីសោមនស្សរីករាយ សូមសម្តែងនូវអំណរសាទរដ៏ថ្លៃថ្លា និងសូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស សូមប្រកបដោយសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ ប្រការ ព្រមទាំងទទួលបាននូវជោគជ័យថ្មីៗថែមទៀត។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ព្រះនាម កិរិណីទេវី សូមមេត្ត ប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គទ្រង់ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនាដល់ប្រជារាស្ត្រខ្មែរទូទាំង ប្រទេស ជានិច្ចនិរន្តរ៍តរៀងទៅ។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំព្រះករុណា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំពុះពារនិងជំនះគ្រប់ឧបសគ្គដើម្បីដឹកនាំ នាវាកម្ពុជាឆ្ពោះទៅមុខប្រកបដោយសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ក្លាយជានីតិរដ្ឋមួយ មានអធិបតេយ្យភាពពេញលេញ បូរណភាពទឹកដី ឯកភាពជាតិ សម្បូរសប្បាយ ព្រមទាំងមាន កិត្យានុភាពជាតិ និងស្មើមុខស្មើមាត់ជាមួយប្រទេសនានាក្នុងតំបន់ និងលើសកលលោក។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងកិច្ចសហការល្អ រវាងស្ថាប័ននីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិ និងដោយមានការចូលរួមជួយគាំទ្រពីបណ្តាប្រទេសជាមិត្ត ដៃគូ អភិវឌ្ឍន៍ សហគមន៍អន្តរជាតិ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ បានធ្វើឱ្យកម្ពុជា សម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន ជាពិសេសយើងអាចគ្រប់គ្រងវិបត្តិជំងឺដ៏កាចសាហាវកូវីដ-១៩ បានយ៉ាងល្អប្រសើរនិងគួរជាទីមោទន។ ជាមួយនឹងជោគជ័យនេះ កម្ពុជាអាចបើកដំណើការប្រទេសឡើងវិញ និងបានចាប់ផ្ដើមសកម្មភាពសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងអាជីវកម្មផ្សេងៗ ឡើងវិញជាបន្តបន្ទាប់ ជាពិសេស យើងអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិតាមទំនៀមទម្លាប់ ប្រពៃណីជាតិរបស់យើង បន្ទាប់ពីខកខាន មិនបានធ្វើអស់រយៈពេលពីរឆ្នាំមកនេះ ក្នុងខណៈពេលដែលប្រទេសនានាមួយចំនួនទាំងក្នុងតំបន់ និងពិភពលោក នៅតែបន្តប្រឈមនឹងមេរោគនេះនៅឡើយ ជាពិសេសមានរោគកូវីដបំប្លែងខ្លួនថ្មី។

ជាមួយនឹងការត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់ បងប្អូនជនរួមជាតិនៅទូទាំងប្រទេស ជាពិសេសតំបន់ទេសចរណ៍ រមណីយដ្ឋានគ្រប់ប្រភេទ សណ្ឋាគារ និង ទីវត្តអារាមនានា សូមមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយត្រូវបន្តចូលរួមអនុវត្តនូវវិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងនោះវិធានការ “៣ការពារនិង៣កុំ- ឱ្យបានខ្ជាប់ខ្ជួន។ សូមស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មេត្តាត្រួតពិនិត្យ តាមដាន និងរក្សាសណ្តាប់ធ្នាប់ តាមមូលដ្ឋានរបស់ខ្លួនឱ្យបានហ្មត់ចត់ល្អ ដើម្បីធានានូវសុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋយើង នៅទូទាំងប្រទេស។

ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេនព្រះពរជ័យ បវរសួស្តីថ្វាយ សម្តេចព្រះអគ្គមហា សង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ និងព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះជន្មាយុ យឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលំមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដល់ ពុទ្ធបរិស័ទទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរដល់បងប្អូនជនរួមជាតិ ក្រុមគ្រូពេទ្យ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្ស-និស្សិត យុវជន យុវនារី កម្មករ កម្មការនីទាំងអស់ សូមមាន សុខភាពល្អបរិបូរណ៌ ជៀសឆ្ងាយពីជំងឺកាចសាហាវ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖