ភ្នំពេញ៖ សាលាខណ្ឌដូនពេញ នៅរសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងប្រជាការពារខណ្ឌ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមពីលោក អភិបាលរងទទួលបន្ទុក, លោកនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ និងបរិស្ថានខណ្ឌ និងមន្ត្រីក្រោមឱវាទទាំងអស់ សរុបចំនួន ៩៥នាក់ ។
ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាល បានធ្វើការកោតសសើរដល់កម្លាំងប្រជាការពារខណ្ឌ ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំងមូល ដែលបានលះបង់កម្លាំងកាយចិត្តបម្រើការងារជូនអង្គភាពរដ្ឋបាលខណ្ឌ ជាពិសេសបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ ភៀវទេសចរណ៍ជាតិ អន្តរជាតិ បានយ៉ាងល្អប្រសើរ លោកអភិបាល ក៏បានណែនាំ និងផ្តាំផ្ញើ ព្រមទាំងដាក់ចេញនូវផែនការចាំបាច់ផ្សេងៗ ទៅដល់កងកម្លាំងទាំងអស់អោយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តន៏ការងារទៅតាមបទបញ្ជាអោយបានល្អ ដើម្បីថែររក្សាអោយបានដាច់ខាតនូវសុខសន្តិភាព ស្ថេរភាពសង្គម សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ ជូនប្រជាពលរដ្ឋទូទៅ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ ។
បន្ទាប់ពីបញ្ចប់ពិធី លោកអភិបាល បានឧត្ថម្ភថវិកាដល់ កម្លាំងប្រជាការពារខណ្ឌចំនួន ៨៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកាចំនួន ៥០,០០០រៀល -៦០,០០០រៀល និង ១០០,០០០រៀល ដោយកំណត់តាមផ្នែកនីមួយ ។ ដោយឡែក លោកអភិបាល បានឧត្ថម្ភដល់៖
– ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌសរុបចំនួន១២៨ នាក់ សរុបថវិកាចំនួន ១២,៩០០,០០០រៀល។
– អង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ៥,០០០,០០០រៀល និងភេសជ្ជៈ៥០កេស ។
– ឧបត្ថម្ភអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួន ៤,០០០,០០០រៀល និងភេសជ្ជៈ៥០កេស៕
ដោយ៖ស តារា