ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីវករជាច្រើនបានយកផ្លូវព្រះមុនីរ៉េតប្រើប្រាស់ដាក់តាំងលក់ទំនិញនិងម្ហូបអាហារគ្មានសណ្តាប់ធ្នាប់ បង្កការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ

ចែករំលែក៖

    ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត បានសម្តែងការមិនពេញចិត្តចំពោះក្រុមអាជីវករមួយចំនួនតូចដែលបានយកផ្លូវព្រះមុនីរ៉េតប្រើប្រាស់ដាក់តាំងលក់ទំនិញ ត្រី សាច់ បន្លែ និងផ្លែឈើ គ្មានសណ្តាប់ធ្នាប់បង្កឱ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសនៅចំណុចផ្សារក្រមួនក្បែរភ្លើងស្តុបស្ពានដែកចំការដូង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយមិនឃើញមានអាជ្ញាធរពាក់ព័ន្ធចុះអប់រំណែនាំ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះឡើយ ។

    ប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរតាមផ្លូវព្រះមុនីរ៉េតបានរអ៊ូរទាំថា ដោយសារតែក្រុមអាជីករមួយចំនួនបានយកផ្លូវប្រើប្រាស់ស្ទើរតែពាក់កណ្តាលទៅហើយដើម្បីដាក់តាំងលក់ទំនិញផ្សេងៗ បង្កឱ្យនៅចំណុចខាងលើនេះតែងតែមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេសនៅក្បែរភ្លើងស្តុបផ្លូវបំបែកជាបួន ដែលជាចំណុចប្រសព្វ និងមមាញឹកទៅដោយរថយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ មិនថារថយន្តដឹកទំនិញធុនធំៗ និងរថយន្តគ្រួសារ ព្រមទាំងអ្នកដំណើរតាមម៉ូតូនោះទេ។

    ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក៏បានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការចុះពិនិត្យតាមបណ្តោយផ្លូវព្រះមុនីរ៉េតនេះផង ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍។ បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ក្រៅពីការដាក់តាំងលក់ទំនិញគ្មានសណ្តាប់ធ្នាប់ មិនមានរបៀបរៀបរយយ៉ាងអនាធិបតេយ្យបែបនេះ ក៏មានអ្នកយកម៉ូតូ ឡំប្រឺតា និងម៉ូតូសណ្តោងរុឺម៉ក មកចតចោលបន្ថែមទៀត ទើបធ្វើឱ្យផ្លូវព្រះមុនីរ៉េតសម្រាប់ធ្វើដំណើរនេះ កាន់តែរួមតូចចង្អៀតពិបាកធ្វើដំណើរយ៉ាងខ្លាំង។

     ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋក៏ទទូចចង់ឱ្យអាជ្ញាធរមូលដ្ឋានមានវិធានការចំពោះក្រុមអាជីវករដែលបានប្រើប្រាស់ផ្លូវដាក់តាំងលក់ទំនិញគ្រប់ប្រភេទ ដែលបង្កឱ្យមានជាការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃបែបនេះ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖