ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចុះធ្វើយុទ្ធនាការសម្អាតបរិវេណក្នុងក្រុងសែនមនោរម្យ។
យុទ្ធនាការនេះប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោក ឌិន ប៊ុនធឿន អនុប្រធានបរិស្ថានខេត្តមណ្ឌលគិរី តំណាងលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹក នាំការិយាល័យនៃមន្ទីរបរិស្ថាន និងមន្រ្តីឧទ្យានុរក្សជាច្រើនរូបផងដែរ ។
លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី បានក្រើនរម្លឹក ក៏ដូចជាជំរុញឱ្យក្រុមហ៊ុន ប្រមូលសំរាមត្រូវមានភាពម្ចាស់ការលើខ្លួនឯង ព្រោះលោកមើលឃើញថាតាំងពីមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ រហូតមកដល់ពេលនេះ មិនទាន់ឃើញក្រុមហ៊ុនប្រមូលសំរាមវិលត្រលប់មកប្រមូលសំរាមក្នុងក្រុងសែនមនោរម្យវិញទេដូច្នេះហើយទើបមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីបានប្រើប្រាស់ធនធានផ្ទាល់ដើម្បីប្រមូលសំរាមក្នុងក្រុងសែនមនោរម្យ នឹងសំណូមពរដល់
ស្ថាប័នសាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋចូលរួមធ្វើអនាម័យនិងថែរក្សាបរិស្ថាន ជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន។ ជាពិសេសស្នើឲ្យអាជ្ញាធរមូលដ្ឋាន ជាមួយអ្នកពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រងទុកដាក់សំរាម និងសំណល់រឹងឲ្យបានត្រឹមត្រូវផងដែរ។
ជាមួយគ្នានេះដែរ លោកក៏សង្ឃឹមថា ការធ្វើយុទ្ធនាការសម្អាតនេះនឹងក្លាយជាចរន្តចលករដែលជំរុញអោយមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់សំរាម សំណល់រឹង និងមិនបោះចោលពាសវាលពាស កាលនៅតាមទីសាធារណៈ ជាហេតុធ្វើអោយប៉ះពាល់ដល់សោភ័ណភាពទីក្រុងដែលពោរពេញដោយសម្រស់ធម្មជាតិមួយនេះ ជាពិសេសគឺសេចក្តីថ្លៃថ្នូរបស់ខ្លួនឯងផ្ទាល់។
លោកអនុប្រធានមន្ទីរ ក៏បានផ្តាំផ្ញើដល់សាធារណៈជនទាំងអស់ដែលបានមកលេងខេត្តមណ្ឌលគិរីបន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីជាតិរួច សូមជួយថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា,អនាម័យខ្លួនឯងជាប្រចាំ ទុកដាក់នឹងញែកសំរាមអោយត្រូវក្នុងធុង ស្រលាញ់ការពារសត្វព្រៃ និងដាំដើមឈើ។ បច្ចុប្បន្ននេះដោយ សារកំណើនប្រជាជន យើងបានជួបប្រទះនូវបញ្ហាមួយចំនួនក្នុងនោះរួមមាន បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជនដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាមនៅពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។
សំណល់សំរាមមួយចំនួន ជាពិសេសសំណល់ប្លាស្ទិក ត្រូវបានប្រជាពលរដ្ឋខ្លះដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងទីសាធារណៈបង្កគ្រោះថ្នាក់ដល់ជីវ:ចម្រុះដែលមនុស្សគ្រប់ៗគ្នាបាននឹងកំពុងយកចិត្តទុកដាក់ ទន្ទឹមនឹងនេះការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការលើកកម្ពស់ អនាម័យ នឹងគុណភាពបរិស្ថាន គឺជាការចាំបាច់ និងជាវិភាគទានដ៏សំខាន់បំផុត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះសំដៅការរស់នៅប្រកបដោយសុខុមាលភាព និងជីវភាពរបស់ប្រជាជនយើងនៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ៕
ដោយ៖ សូរិយា