នៅថ្ងៃទី២០ខែមេសា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)បានប្រកាសថា មានពលរដ្ឋអ៊ុយក្រែនជាង៥លាននាក់ហើយបានភៀសខ្លួនចាកចេញពីប្រទេសរបស់ខ្លួនដោយសារតែសង្គ្រាមវាយប្រហារពីរុស្ស៊ី ។ នេះជាវិបត្តិបង្កឱ្យមានជនភៀសខ្លួនច្រើនបំផុតមិនធ្លាប់មានសម្រាប់ប្រទេសក្នុងតំបន់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះដែរ សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធម្នាក់របស់លោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីនបាននិយាយថា កងទ័ពរុស្ស៉ីនឹងវាយយកទីក្រុងម៉ារីយូប៉ូលនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីអ៊ុយក្រែនបានស្នើសុំចរចាដោយគ្មានលក្ខខណ្ឌ ដើម្បីអាចជម្លៀសកងទ័ព និងពលរដ្ឋស៊ីវិលចេញពីរោងចក្រដែកថែបមួយដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មេដឹកនាំសាធារណរដ្ឋឆេឆេនីរបស់
រុស្ស៉ី លោក Ramzan Kadyrov បានបញ្ជាក់ដូច្នេះថា «នៅមុនពេលអាហារថ្ងៃត្រង់ ឬក្រោយអាហារថ្ងៃត្រង់ (នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ) រោងចក្រដែកថែបAzovstal នឹងត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ព
រុស្ស៉ី»។ លោក កាឌីរ៉ូវ មិនបានបញ្ជាក់អ្វីបន្ថែមនោះទេ រីឯភា្លមៗ នោះខាងក្រសួងការពារជាតិអ៊ុយក្រែនក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីដែរ។
ប្រសិនបើទីក្រុង Mariupol ធ្លាក់ចូលក្នុងដៃកងទ័ពរុស្ស៉ីពិតមែន នោះវានឹងក្លាយជាទីក្រុងធំបំផុតដែលត្រូវបានដណ្ដើមកាន់កាប់ដោយរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងអស់រយៈពេលជាង ៨សប្ដាហ៍មកនេះ៕ ដោយ៖ ធីរីណា
រូបថត៖RT