ប្រទេសថៃ ៖ ដំណាក់កាលcovid-19បានធូរស្រាលរួមទាំងរដូវកាលចូលឆ្នាំបានកន្លងទៅថ្មីៗបច្ចុប្បន្នគេសង្កេតឃើញនូវតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ មានពលករខ្មែរចូលទៅប្រទេសថៃយ៉ាងគគ្រឹកគគ្រេងរាប់រយនាក់ក្នុងមួយថ្ងៃៗ ទាំងនេះបណ្ដាលមកពីមានការឃុបឃិតជាប្រព័ន្ធរវាងមេខ្យល់ជាមួយសមត្ថកិច្ចមួយចំនួន ដែលឈរជើងតាមបន្ទាត់ព្រំដែន ជាថ្នូរនឹងប្រាក់បើទោះមានការប្រឈមទៅនឹងគ្រោះថ្នាក់ក៏ដោយ។បើតាមសេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនកាលពីវេលាម៉ោង០៤និង០០នាទីទៀបភ្លឺ ថ្ងៃទី៣០មេសា២០២២ ទាហានកងកម្លាំងបូរផារបស់ថៃ បានចុះល្បាត និងឃ្លាំមើល ក្នុងភូមិសាស្រ្តទទួលខុសត្រូវ បរិវេណភូមិណងម៉ាំង ឃុំណងវែង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ប្រទះឃើញរថយន្ត២គ្រឿងបើកចេញមកពីក្រោយភូមិណងម៉ាំង ដោយប្រើផ្លូវក្រវ៉ាត់ព្រំដែន ទើបសមត្ថកិច្ចថៃឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ។
ប្រភពសមត្ថកិច្ចខាងលើថាសមត្ថកិច្ចថៃពិនិត្យរថយន្តទី១ បានប្រទះឃើញពលករខ្មែរចំនួន១៥នាក់ ក្នុងនោះប្រុស៩និងស្រី៦នាក់ បន្ទាប់មកសមត្ថកិច្ចពិនិត្យរថយន្តទី២ប្រទះឃើញពលករខ្មែរចំនួន២៤នាក់ ក្នុងនោះប្រុស១១ ស្រី១៣និងក្មេងតាមមកជាមួយ២នាក់ ដោយពួកគេលួចឆ្លងចូលតាមច្រករបៀង ដើម្បីទៅធ្វើការខាងសំណង់ នៅខេត្តមួយចំនួនក្នុងប្រទេសថៃ ក្រោយសួរចម្លើយ សមត្ថកិច្ចក៏បានបញ្ជូនខ្លួនពលករខ្មែរទាំងអស់ទៅឲ្យជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមច្បាប់បន្ត។
ដូចគ្នានេះដែរនៅក្នុងទឹកដីស្រុកអារញ្ញកាលពីវេលាម៉ោង២២និង៣០នាទីដល់ម៉ោង០១និង០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣០មេសា២០២២ កម្លាំងនគបាលល្បាតព្រំដែនទី១២ សហការជាមួយសមត្ថកិច្ចខ្លងណាំសៃ បានល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ប្រទះឃើញពលករខ្មែរ បរិវេណភូមិណងព្រឺ ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ចំនួន៥៨នាក់ ក្នុងនោះប្រុស២៦ ស្រី១៧ និងក្មេងតាមមកជាមួយ១៥នាក់ ក្រោយពីធ្វើការសួរនាំ សមត្ថកិច្ចថៃក៏នាំខ្លួនបញ្ជូនទៅឲ្យជំនាញខ្លង ណាំសៃ ដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ ៖ វណ្ណា