ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត​របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស ” ទិវាសេរីភាពសារព័ត៌មានសកលលោក ” លើកទី ២៩ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ ផ្ញើ​សារ​លិខិតក្នុងឱកាស ” ទិវាសេរីភាពសារព័ត៌មានសកលលោក ” លើកទី ២៩ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។ 

យោងតាម​សារលិខិត​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ បានប្រសាសន៍ថា​៖​ បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាទីស្រឡាញ់រាប់អានទាំងអស់គ្នា !

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារលើវិស័យព័ត៌មានទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅលើសកលលោក ក្នុងឱកាស ” ទិវាសេរីភាពសារព័ត៌មានសកលលោក – លើកទី២៩ ដែលបានប្រារព្ធឡើងនាថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ សេរីភាព នៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ការលើកស្ទួយនូវឯករាជភាពន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុនិយម និងការរំលឹកដល់រដ្ឋាភិបាលនៃប្រទេសទាំងឡាយនៅ លើសកលលោក ដែលបានប្ដេជ្ញាចិត្តក្នុងការគោរពសេរីភាពសារព័ត៌មានឱ្យយកចិត្តទុកដាក់ លើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងធានាសុវត្ថិភាពដល់អ្នកសារព័ត៌មានក្នុងការបំពេញ ភារកិច្ចរបស់ពួកគេ ព្រមទាំងជំរុញឱ្យស្ថាប័នសារព័ត៌មានបំពេញតួនាទីតាមវីជ្ជាជីវៈប្រកប ដោយតម្លាភាព ធ្វើយ៉ាងណាដើម្បីទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជន។

ទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ ឆ្នាំ២០២២ បានលើកយកប្រធានបទ ស្តីពី * សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល “ ជាមួយនឹងការអំពាវនាវឱ្យមានការខិតខំ ប្រឹងប្រែងរួមគ្នាថែមទៀតពីភាគីពាក់ព័ន្ធនានាដូចជា ស្ថាប័នបង្កើតច្បាប់និងគោលនយោបាយ សា្ថប័នសារព័ត៌មាន និងដៃគូពាក់ព័ន្ធដទៃទៀតឱ្យចូលរួមគាំពារសេរីភាពសារព័ត៌មាន និង ស្វែងយល់ពីបញ្ហាប្រឈមរបស់សា្ថប័នសារព័ត៌មានដោយសារកំណើននៃការប្រើប្រាស់ និងការ ចែងរំលែកព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម គួបផ្សំវិបត្តិសេដ្ឋកិច្ចសកលដោយសារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិនយោបាយសកល បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានឌីជីថល ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានតាមបែបប្រពៃណីកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ដែលឈានទៅដល់ការបិទប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅលើសកលលោក គឺពិតជាបញ្ហាសំខាន់ទាមទារឱ្យស្ថាប័នរដ្ឋ ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន និងដៃគូពាក់ព័ន្ធ ទាំងអស់ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីជួយជ្រោមជ្រែងស្ថាប័នសារព័ត៌មានរបស់យើង ឱ្យមានប្រក្រតីភាពឡើងវិញជាបន្តទៀត។

សម្ដេចតេជោ​ បានមានប្រសាសន៍បន្ថែមថា​ បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាទីស្រឡាញ់ !

ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្ត ក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងលើកកម្ពស់ ភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័នសារព័ត៌មានដែលមិនអាចខ្វះបាននៅក្នុង ក្របខ័ណ្ឌប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ អាទិភាពជាចម្បងនៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនដល់វិស័យសារព័ត៌មាន ឱ្យចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែល ជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសម្រេចបានជោគជ័យ យ៉ាងធំធេង។

ទន្ទឹមនឹងការលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយសា្ថប័នសារព័ត៌មាន និងការបើកទូលាយនូវសេរីភាពខាងសារព័ត៌មាន ក៏សា្ថប័នសារព័ត៌មានកំពុងប្រឈមជាមួយបញ្ញ ជាច្រើនដូចជា វិបត្តិសេដ្ឋកិច្ចសកល និងការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលធ្វើឱ្យសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ប្រឈមនឹងការប្រកួតប្រជែងទីផ្សារជាមួយបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ អនឡាញ ដែលបច្ចុប្បន្នមនុស្សម្នាក់ ឬអង្គភាពមួយ ឬស្ថាប័នមួយមានប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន មួយដែលអាចទទួល និងផ្សព្វផ្សាយព័ត៌មានបានគ្រប់ពេលវេលា រហ័សទាន់សភាពការណ៍ និង សម្បូរបែប ដែលទាមទារឱ្យស្ថាប័នសារព័ត៌មាន ជាពិសេសប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណី ខិតខំធ្វើឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនទៅក្នុងទីផ្សារឱ្យកាន់តែមានសក្តានុពល ខ្លាំងក្លាថែមទៀត ជាមួយនឹងការផ្ដល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយប្រកបដោយវិជ្ជាជីវៈ ដើម្បី បង្កើនទំនុកចិត្តដល់សាធារណជនទើបអាចប្រកួតប្រជែងទីផ្សារជាមួយប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបណ្តាញទំនាក់ទំនងសង្គមបាន។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរដោយស្មោះ និងវាយតម្លខ្ពស់ចំពោះសា្ថប័ន សារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំរួមចំណែកបំពេញការងារ ជូនប្រទេសជាតិនាពេលកន្លងមក ទោះបីរងផលប៉ះពាល់នៃវិបត្តិនយោបាយសកល វិបត្តិន ការឆ្លងរីករាលដាលនជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកលដែលធ្វើឱ្យប៉ះពាល់ដល់ចំណូល របស់សា្ថប័នសារព័ត៌មានក៏ដោយ ក៏បងប្អូនអ្នកសារព័ត៌មានបានខិតខំពុះពារជំនះរាល់ឧបសគ្គ ក្នុងការចុះយកព័ត៌មាន និងស្វែងរកព័ត៌មានដែលបានកើតឡើងទាំងនៅក្នុងប្រទេស និងនៅ​លើសកលលោកដើម្បីធ្វើការចែករំលែក និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជនបានយល់ដឹង អំពីបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងៗទៀតដែលទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃ របស់ពួកគេបានយ៉ាងរហ័សទាន់សភាពការណ៍ ជាពិសេសវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់ការឆ្លង និងការចម្លង នៃជំងឺកូវីដ-១៩ ចូលសហគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក។

មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសាររព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុង បំពេញបេសកកម្មលើវីស័យព័ត៌មានទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅលើសកលលោក សូមយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងខិតខំអភិវឌ្ឍសមត្ថភាព របស់ខ្លួនបន្ថែមទៀត ទាំងផ្នែកជំនាញបច្ចេកទេស ទាំងការផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្កើនជំនឿទុកចិត្តដល់សាធារណជន និងឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារឱ្យមានសក្តានុពលថែមទៀត និងចៀសវាងការផ្សាយព័ត៌មានបំភ្លៃការពិតដែលធ្វើឱ្យសាធារណជនបាត់បង់ជំនឿ និងធ្វើឱ្យ ប៉ះពាល់ដល់តម្ល កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងតម្លៃរបស់សា្ថប័នសារព័ត៌មាន ទាំងមូល។ 

មួយវិញទៀត ខ្ញុំសូមឱ្យបងប្អូនអ្នកសារព័ត៌មានរបស់យើងបន្តចូលរួមអនុវត្ត និងធ្វើការ ផ្សព្វផ្សាយនូវវិធានការបង្ការជំងឺឆ្លង់កូវីដ-១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួន ព្រមទាំង បន្តចូលរួមចាក់វ៉ាក់សាំងដូសជំរុញ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញ ទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នា។ ដោយឡែកសម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវទៅ ទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសទី១ និងដួសទី២។ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជា ជម្រើសដ៏ល្អមួយគួបផ្សំជាមួយការអនុវត្តវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងការ ផ្លាស់ប្ដូររបៀបរស់នៅតាមបែបគន្លងថ្មី អាចជួយការពារឱ្យប្រជាពលរដ្ឋយើងរួចផុតពីការឆ្លង ជំងឺកូវីដ-១៩ ដ៏កាចសាហាវ និងកាត់ផ្ដាច់ការឆ្លង និងការចម្លងរាលដាលក្នុងសហគមន៍នៅពេល ដ៏ខ្លីខាងមុខនេះ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ទទួល បានជោគជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងសូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖ស​ តារា


ចែករំលែក៖