ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចូលរួមជាមួយពលរដ្ឋអបអរចំពោះលទ្ធផលដែលកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ-១៩ សូម្បីតែមួយករណីនៅក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ សម្ដេចបានចាត់ទុកភាពជោគជ័យនេះបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ក្នុងសារពិសេសមុនឡើងយន្តហោះចេញដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក សម្ដេចតេជោបានលើកឡើងថា ថ្វីដ្បិតតែសម្ដេចមានអារម្មណ៍ថា ការចេញដំណើរទៅអាមេរិកលើកនេះសម្ដេចមានអារម្មណ៍ថា ហាក់បីដូចជាមិនទាន់បានបំពេញកាតព្វកិច្ចធ្វើជាប្អូនប្រុសចំពោះមរណភាពរបស់សម្ដេចទេពញាណ ហ៊ុន ណេង ដែលមិនទាន់បានធ្វើបុណ្យគម្រប់ ៧ថ្ងៃ។ តែនេះគឺជាភារកិច្ចជូនជាតិដែលសម្ដេចត្រូវបំពេញដែលខានមិនបាន។
ទោះជាយ៉ាងណាមុននឹងចេញដំណើរ សម្តេចតេជោ បានផ្ញើសារសួរសុខទុក្ខដល់ប្រជាពលរដ្ឋនិងបានបង្ហាញការសប្បាយចិត្តផងដែរចំពោះលទ្ធផលដែលកម្ពុជារកមិនឃើញការឆ្លងថ្មីជំងឺកូវីដ-១៩ នៅក្នុងរយៈពេល ៣ថ្ងៃចុងក្រោយជាប់គ្នានេះ។
ទោះជាយ៉ាងណាសម្ដេចបានជំរុញដល់ពលរដ្ឋចូលរួមបន្តទៀតក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ធ្វើយ៉ាងណាកុំឲ្យជំងឺនេះត្រឡប់មកកាន់កម្ពុជាសារជាថ្មី។
សម្ដេចបានចាត់ទុកលទ្ធផលនៅពេលនេះគឺបានមកពីភាពជោគជ័យនៃយុទ្ធនាការវ៉ាក់សាំងទូទាំងប្រទេស។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,០៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៤៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៧១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣០,៣១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៦២,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩៣,៦៣% ។ រហូតដល់ ថ្ងៃទី ១០ ខែខែឧសភា ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ០នាក់ (ឆ្លងសហគមន៌៍: ០ នាំចូល: ០ នាក់) និងមានជាសះស្បេីយ ២ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៣៦២៦២ និងចំនួនជាសះស្បេីយសរុបកេីន ១៣៣១៨៤ នាក់ និង ស្លាប់ថ្មី ០ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2957913 ស្មេីនឹង 175024 ក្នុង១លាន នាក់ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ ៖ សិលា