ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។
សម័យប្រជុំរដ្ឋសភានាពេលនេះមានរបៀបវារៈចំនួន៤ រួមមាន ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោក ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម ជំនួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព។
ការបោះឆ្នោតជ្រើសតាំង លោក កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងលោក ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ចំណែកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលត្រូវសម័យប្រជុំពេញអង្គរដ្ឋសភាលើកយកមកពិភាក្សា អនុម័តមាន សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ ធ្វើឡើងដើម្បីឆ្លើយតបបរិបទជាក់ស្តែងនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងស្របពេលដែលកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានពង្រឹងនិងពង្រីកកាន់តែស៊ីជម្រៅ ពិសេសការផ្ទេរសិទ្ធិអំណាច មុខងារនិងធនធានទៅឲ្យរដ្ឋបាលផ្ទាល់ថ្នាក់ក្រោមជាតិដូចបានកំណត់ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(២០២១-២០៣០) ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែប្រសើរថែមទៀតនោះ ឃើញថាការពង្រឹងស្ថាប័ននិងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងប្រែក្លាយយកកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។
ចំណែក សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហាររៀបចំឡើងដោយយោងនៃនិន្នាការសកលលោកនៃពាណិជ្ជកម្មអន្តរជាតិនិងដើម្បីឆ្លើយតបទៅនិងឧត្តមានុវត្តន៍ជាអន្តរជាតិនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់និងសកលោក។ តាមរយៈសេចក្តីព្រាងច្បាប់នេះនឹងកំណត់នូវគោលការណ៍ជាមូលដ្ឋានដើម្បីជំរុញឲ្យផលិតផលម្ហូបអាហារមានសុវត្តិភាពនិងស្របតាមស្តង់ដារកំណត់ សំដៅធានាកម្រិតការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
ដោយ៖ស តារា