ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន ​សែន ៖ ទំនាក់ទំនងកម្ពុជា-អាមេរិក ឈានដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលធ្វើឱ្យ «មហាគ្រួសារខ្មែរ» គ្រប់ទិសទី បានជួបជុំគ្នាដ៏ច្រើនសន្ធឹកសន្ធាប់កុះករបែបនេះ

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទីតាំងស្ថានទូតអាមេរិក គឺជាទីតាំងល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ។ បើមិនមែនអាមេរិក សម្តេចមិនផ្តល់ឱ្យទីតាំងនៅទីនោះឡើយ។

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកថា ទំនាក់ទំនងកម្ពុជា អាមេរិក បានឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា តាមរយៈអាមេរិកបានសាងសង់ស្ថានទូតដ៏ធំ និងរឹងមាំ និងទំហំពាណិជ្ជដ៏សម្បើមរបស់អាមេរិកនៅប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនជ្រើសរើសចិន ប្រឆាំងអាមេរិក ឬជ្រើសអាមេរិក ប្រឆាំងចិននោះឡើយ។ សម្តេចតេជោថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក មានទំហំធំបំផុត ក្នុងនោះការនាំចេញមកអាមេរិក មានរហូតដល់ជាង ៩ពាន់លានដុល្លារអាមេរិក ហើយបច្ចុប្បន្នមានក្រុមហ៊ុនអាមេរិកជាច្រើនកំពុងតែវិនិយោគនៅក្នុងប្រទេសកម្ពុជា និងកំពុងធ្វើការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទន្ទឹមនឹងការរីកចម្រើនទំនាក់ទំនងរវាងកម្ពុជា អាមេរិក ក៏មានចំណុចល្អក់កករខ្លះផងដែរ ក្នុងនោះមានការចោទប្រកាន់កម្ពុជារឿងមូលដ្ឋានទ័ពចិននៅសមុទ្ររាម។ ត្រង់ចំណុចនេះ សម្តេចប្រកាសថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតអោយមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជាឡើយ ហើយក៏គ្មានប្រយោជន៍ ឬហេតុផលណាមួយ ដែលកម្ពុជាត្រូវធ្វើដូច្នោះដែរ។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី​ ពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានធ្វើដំណើរពីរដ្ឋផ្សេងៗទាំងក្នុងទឹកដីរអាមេរិក និងកាណាដា មកជួបសម្ដេចនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងវ៉ាស៊ីនតោន មានចម្ងាយជាង១ម៉ឺនគីឡូ តែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាមេរិកបាន។ សម្ដេចបញ្ជាក់ថា វាមិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់?។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បាននាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាជិត២ពាន់នាក់ ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចនាពេលនេះ ។ សម្តេចតេជោ បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា បានចំណាយពេលវេលា និងលុយ ដើម្បីជួបសំណេះសំណាលជាមួយសម្តេច។ 

ទាក់ទងទៅនឹងស្ថានភាពជំងឺ Covid-19 នៅកម្ពុជា សម្តេចតេជោ បានមានប្រសាសន៍ ថា កម្ពុជាទទួលបានលទ្ធផលល្អប្រសើរណាស់ក្នុងការគ្រប់គ្រង Covid-19 ហើយក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នានេះយើងមិនមានអ្នកឆ្លងCovid-19 ថ្មីនោះទេ សូម្បីតែម្នាក់។ សម្តេចតេជោបានមានប្រសាសន៍ថា នយោបាយវ៉ាក់សាំងនៅកម្ពុជា ទទួលបានជោគជ័យ ដោយសារវ៉ាក់សាំង មិនមានបែងចែកនិន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ និងសាសនានោះឡើយ។ ភាពសាំជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពរឺងមាំខ្លាំង ដោយសារការអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ឱ្យចប់តាមតំបន់នីមួយៗឱ្យរួចរាល់ ទើបបន្តទៅតំបន់ផ្សេង។

សម្តេចតេជោបានថ្លែងថា ពេលនេះវ៉ាក់សាំងនៅក្នុងឃ្លាំងមានរហូតដល់ប្រមាណ ១២លានដូសឯណោះ យើងមិនមានការព្រួយបារម្ភរឿងខ្វះវ៉ាក់សាំងនោះទេ ៕

ដោយ ៖ សិលា


ចែករំលែក៖