ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនខ្លួនស្ត្រីប្រើអំពើហិង្សាវាយធ្វើបាបក្មេងទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលបានប្រើអំពើហិង្សាវាយធ្វើបាបក្មេងស្រីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ក្រោយពេលដែលស្ត្រីរូបនេះបានសុំម្ដាយរបស់ក្មេងយកមកនៅជាមួយអស់រយៈពេលជាង១ឆ្នាំមកហើយ ពេលនេះត្រូវបាននគរបាលអធិការដ្ឋានខណ្ឌទួលគោកបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នុំពេញនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។

    សូមបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក  ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនស្រ្តីសង្ស័យនៅចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី  វេលាម៉ោងប្រហែល២៣:៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

   មន្ត្រីនគរបាលបានឱ្យដឹងថា ស្រ្តីសង្ស័យមានឈ្មោះ ចាន់ ធីតា  អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។  ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ កេង ស្រីកា អាយុ៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជាមួយជនសង្ស័យឈ្មោះ ចាន់ ធីតា នៅផ្ទះកើតហេតុខាងលើ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១:០០នាទី ស្រ្តីសង្ស័យមាន ឈ្មោះ ចាន់ ធីតា បានប្រើដៃវាយលើផ្ទៃមុខនិងប្រើដែកទំពក់សម្រាប់ព្យួរខោអាវវ៉ៃលើក្មេងស្រីរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។

   បច្ចុប្បន្ន ក្មេងស្រីរងគ្រោះឈ្មោះកេង ស្រីកា សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ ហើយ មន្ទីរនេះបានបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះអាសន្នរបស់អង្គការមិត្តសម្លាញ់។ ចំណែកស្រ្តីជនសង្ស័យ សមត្ថកិច្ចបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ។

   បច្ចុប្បន្នស្ត្រីម្នាក់នេះត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖