ភ្នំពេញ៖ បុរសរោគចិត្តម្នាក់បានធ្វើសកម្មភាពយកទូរស័ព្ទដៃលួចថតប្រពន្ធគេកំពុងងូតទឹកនៅក្នុងបន្ទប់ទឹក ដែលនៅបន្ទប់ជាប់គ្នា ប៉ុន្តែពេលកំពុងធ្វើសកម្មភាពនោះប្ដីគេឃើញទាន់ក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។
ហេតុការណ៍ដ៏គួរឱ្យហួសចិត្តនិងបង្កឱ្យមានភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ និងជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើយទេ ស្នាក់នៅបន្ទប់ជួលជាប់គ្នានៅចំណុចកើតហេតុខាងលើ។
បើតាមសម្តីបុរសជាប្ដីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនកើតហេតុប្រពន្ធរបស់គាត់បានចូលទៅងូតទឹកក្នុងបន្ទប់ទឹក ដោយមិនបានបិទទ្វារបន្ទប់ទឹកនោះទេ ព្រោះអំពូលភ្លើងក្នុងបន្ទប់ទឹក បានដាច់ខ្សែភ្លើងធ្វើឱ្យងងឹត ហើយបានបើកភ្លើងនៅក្នុងបន្ទប់ដេកដើម្បីងាយស្រួលប្រពន្ធគាត់ងូតទឹក រួចក៏បានបិទទ្វារបន្ទប់ធម្មតា។ លុះដល់ម៉ោងកើតហេតុខាងលើ គាត់ក៏ឃើញជនសង្ស័យធ្វើសកម្មភាពយកទូរស័ព្ទដៃមកថតចេញពីប្រហោងជញ្ជាំងដែ់លចោះដាក់ទបង្ហូរទឹក។ ដោយមានការសង្ស័យរូបគាត់បានទៅសួរជនសង្ស័យ ហើយក៏បានសុំទូរស័ព្ទឆែកមើលក៏ឃើញរូបភាពវីដេអូជាច្រើនប្លង់ដែលជនសង្ស័យបានលួចថតប្រពន្ធគាត់ មិនដឹងថារយ:ពេលប៉ុន្មានថ្ងៃកន្លងមកហើយនោះទេ ដោយរូបភាពនៅក្នុងទូរស័ព្ទដៃច្រើនណាស់។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលស្នាក់នៅក្បែរគ្នា រួចក៏នាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងផងដែរ៕
ដោយ៖សុខាសែនជ័យ