ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងប៉េកាំងប្រតិកម្មទៅលើការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក

ចែករំលែក៖

ក្រសួងការបរទេសចិនបានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានចោទប្រកាន់ចិនថាបានគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ពិភពលោក។ ការលើកឡើងរបស់ លោក Antony Blinken គឺជាការគំរាមកំហែងចិន និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង ។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនរារាំងការរីកចម្រើនសេដ្ឋកិច្ចរបស់ចិននោះទេ ប៉ុន្តែចង់ឱ្យចិនប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។
ក្នុងសុន្ទរកថារយៈពេល៤៥នាទី នៅឯសាកលវិទ្យាល័យ ចច វ៉ាស៊ីនតោន (George Washington) ដែលគ្របដណ្តប់លើបញ្ហាទ្វេភាគីដ៏ចម្រូងចម្រាស ជាមួយចិន លោក ប្ល៊ីនខិន បានគូសបញ្ជាក់ដូច្នេះថា «យើងមិនស្វែងរកជម្លោះ ឬបង្កើតសង្រ្គាមត្រជាក់ថ្មីទេ តែផ្ទុយទៅវិញយើងប្តេជ្ញាចិត្តដើម្បីចៀសវាង ស្ថានការណ៍ទាំងនេះ»។ ទីក្រុងវ៉ាស៊ីនតោនមិនព្យាយាមផ្លាស់ប្តូរប្រព័ន្ធនយោបាយរបស់ប្រទេសចិននោះទេ ប៉ុន្តែយើងនឹងការពារច្បាប់អន្តរជាតិ, ស្ថាប័នរក្សាសន្តិភាព និងសន្តិសុខ រួមទាំងធ្វើឱ្យប្រទេសនានាអាចរួមរស់ជាមួយគ្នាបាន។
លោកប្ល៊ីនខិនបន្ថែមថា «ចិនបានបង្កបញ្ហាប្រឈមរយៈពេលវែង ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ប៉ុន្តែរដ្ឋបាលលោក បៃឌិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនទំនាក់ទំនងដោយផ្ទាល់ជាមួយទីក្រុងប៉េកាំង ហើយនឹងឆ្លើយតបជាវិជ្ជមាន ប្រសិនបើមន្ត្រីចិនចាត់វិធានការដើម្បីដោះស្រាយនូវកង្វល់នេះ»។
ទំនាក់ទំនងរវាងអាមេរិកនឹងចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយសារតែការរក្សាការដំឡើងពន្ធលើទំនិញរបស់ចិន ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ព្យាយាមបន្តទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ទីក្រុងប៉េកាំង។ សុន្ទរកថារបស់ប្រមុខការទូតអាមេរិកនាពេលនេះជាការបញ្ជាក់ដ៏កម្រមួយអំពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដើម្បីដោះស្រាយការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Global Times


ចែករំលែក៖