ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តសៀមរាប ចុះផ្សព្វផ្សាយកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នៅក្នុងតំបន់បឹងទន្លេសាប

ចែករំលែក៖

ខេត្ត​សៀមរាប ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្តសៀមរាប​ បានឱ្យដឹងថា​ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារទទួលបន្ទុក ក្រុងសៀមរាប បានចុះផ្សព្វផ្សាយកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នៅក្នុងតំបន់បឹងទន្លេសាប ព្រមទាំងបានផ្សព្វផ្សាយ អំពីអនុសាសន៍របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីបឹងទន្លេសាប។ 

ក្នុង​ឱកាស​នោះ​ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី តំណាងស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ខណ្ឌផលជលសៀមរាប អាជ្ញាធរក្រុង អធិការក្រុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង បញ្ជាការដ្ឋានសឹករងក្រុង ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋប្រហែលចំនួន ៥០០នាក់​ កាលពីថ្ងៃទី២៩ ខែឧសភា  ឆ្នាំ២០២២ម្សិលមិញនេះ​​។ 

សូមជម្រាបថា​ ដោយមានការគិតគូរខ្ពស់ពីទុកលំបាករបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៧ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះសិក្សាដីរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ត្រូវធ្វើការកាត់ឆ្វៀលជូនចំពោះប្រជាពលរដ្ឋ ដែលបានរស់នៅអាស្រ័យផលយូរឆ្នាំជាក់ស្ដែង។

ដូច្នេះការកែសម្រួលនេះ ប្រជាពលរដ្ឋនឹងអាចទទួលបានដីកម្មសិទ្ធ ឬអាស្រ័យផលដោយស្របច្បាប់ ទៅតាមការចុះសិក្សារបស់អាជ្ញាធរជំនាញ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋបានធ្វើការសាទរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរយ៉ាងពិតប្រាកដអំពីសុខទុក្ខ ក៏ដូចជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលយូរឆ្នាំមកហើយ៕

ដោយ​៖សហការី​


ចែករំលែក៖