អាមេរិកស្រាប់តែមានគោលបំណងចង់ឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលរុស្ស៊ីកំពុងតែយកឈ្នះនៅក្នុងសង្គ្រាមនេះ ។ ប៉ុន្តែទីក្រុងមូស្គូ បានបដិសេធទៅលើសំណើខាងលើរបស់អាមេរិក។
រយៈពេលប៉ុន្មានថ្ងៃកន្លងមកស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន បានប្រែប្រួលយ៉ាងឆាប់រហ័ស ។ ក្នុងរយៈពេល១សប្តាហ៍កន្លងមកថ្នាក់ដឹកនាំអ៊ុយក្រែនបានបង្ហាញពីការជឿជាក់ថានឹងបណ្តេញទាហានរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន ។ ប៉ុន្តែនៅពេលនេះ អ៊ុយក្រែនកំពុងតែចាញ់ប្រៀបនៅក្នុងតំបន់ Donbass និងតំបន់ភាគខាងត្បូង អ៊ុយក្រែន ។
នៅពេលនេះដែរ សារព័ត៌មានអាមេរិក និងអឺរ៉ុបបានតាមដានយ៉ាងយកចិត្តទុកដាក់នូវអ្វីដែលកំពុងតែកើតឡើងនៅក្នុងសមរភូមិអ៊ុយក្រែន ដោយទាហានអ៊ុយក្រែនចុះខ្យោយ មិនអាចតទល់ជាមួយរុស្ស៊ីបានឡើយ។ ក្នុងពេលនេះដែរ កម្រិតនៃការផ្តល់ជំនួយរបស់លោកខាងលិចទៅលើអ៊ុយក្រែនក៏បានចុះថយដែរ។
ជាមួយគ្នានេះ អាមេរិកបានផ្ញើអាវុធបន្ថែមទៅឱ្យអ៊ុយក្រែន ក្នុងនោះមាន HIMARS ជាប្រព័ន្ធរ៉ុក្កែត មានកម្រិតចំគោលដៅខ្ពស់ ។ អាវុធទាំងនោះគឺត្រូវដកចេញពីឃ្លាំងអាមេរិកយកទៅឱ្យអ៊ុយក្រែន ដែលទង្វើនេះអាចធ្វើឱ្យកម្លាំងទាហានអាមេរិកចុះខ្សោយ។
ក្នុងពេលនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelensky នៅតែមានគោលបំណងចង់ឱ្យមានកិច្ចពិភាក្សាជាមួយរុស្ស៊ីដើម្បីឈានដល់កិច្ចព្រមព្រៀង។ ដោយលោកVolodymyr Zelensky ចង់ជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីពូទីន ប៉ុន្តែភាគីរុស្ស៊ីលើកឡើងថា អ៊ុយក្រែនមិនទាន់មានឆន្ទៈក្នុងការដោះស្រាយបញ្ហានោះឡើយ៕
ដោយ៖ ធីរីណា(រូបថត៖ Tass)