ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះឈើ១ខ្នងទាំងស្រុងនិងបន្ទប់ជួលចំនួន៩បន្ទប់រងការខូចខាត ដោយធ្វើឱ្យស្ត្រីម្នាក់រលាកខ្លួនប្រាណបញ្ចូនទៅសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ ៖​ យ៉ាងហោចណាស់ផ្ទះឈើ១ខ្នងបានឆេះទាំងស្រុង និងបន្ទប់ជួលចំនួន០៩បន្ទប់ទៀតរងការខូចខាត ព្រមទាំងបណ្ដាលឱ្យស្ត្រីម្នាក់រងរបួសរលាកខ្លួនប្រាណ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយបានកើតឡើង កាលពីវេលា​ម៉ោង​ ៦និង៣០នាទីយប់​ ថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០២២ នៅត្រង់ចំណុចជាប់ផ្លូវបេតុង  ក្នុងភូមិឬស្សីសក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

      បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុនោះគេលឺសំឡេងផ្ទុះអ្វីមួយនៅលើផ្ទះរងគ្រោះ មួយសន្ទុះក្រោយមកស្រាប់តែឃើញផ្សែងហុយចេញពីក្នុងផ្ទះ លាយឡំនិងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ទើបបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ និងដងទឹកជះពន្លត់ តែដោយស្ថានភាពភ្លើងឆេះខ្លាំងពេក ទើបទាក់ទងទៅអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញឱ្យមកជួយអន្តរាគមន៍បាញ់ពន្លត់ ។

      ក្រោយពីទទួលបានដំណឹងខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ព្រមទាំងសហការជាមួយក្រុមរថយន្តបង្ការ និងសង្គ្រោះអគ្គិភ័យមកពីអង្គរភាពផ្សេងមកជួយអន្តរាគមន៍​បាញ់ទឹកពន្លត់ ដោយប្រើពេលវេលាបាញ់ទឹកជិត១ម៉ោង និងប្រើប្រាស់ឡានទឹកសរុប១៣គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ ។

     ក្នុងករណីអគ្គិភ័យខាងលើនេះបានធ្វើឱ្យផ្ទះឈើប្រក់គ្បឿងចំនួន០១ខ្នងរងការខូចខាតទាំងស្រុង និងបន្ទប់ជួលចំនួន០៩បន្ទប់ទៀតបានរងការខូចខាត ព្រមទាំងបណ្ដាលឱ្យស្ត្រីម្នាក់រងរបួសរលាកដៃជើងបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីព្យាបាលផងដែរ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖