ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​ខេត្ត​តាកែវ​បំភ្លឺ​លេីវីដេអូអំពេីហិង្សាក្នុងគ្រួសារកូនប្រុស​​វាយឪពុក

ចែករំលែក៖

ខេត្តតាកែវ ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក TikTok ជាពិសេសបណ្តាគេហទំព័រសារព័ត៌មានមួយចំនួន ដែលបានចែកចាយបន្តនូវវីដេអូរអំពីសកម្មភាពហិង្សាវាងឪពុកនិងកូន មានរយៈពេល ១នាទី និង២១វិនាទី ដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ រីណា និងគណនីហ្វេសប៊ុកឈ្មោះ នីល សារ័ត្ន ដែលកើតហេតុនៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ 

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកុមារាជា រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់ផ្ទះកើតហេតុ ដើម្បីសាកសួរ តែភ្លាមៗអាណាព្យាបាលមិនសហការ ដោយបានរារាំង សមត្ថកិច្ចមិនឱ្យនាំខ្លួនជនបង្កជាកូនមកសាកសួរ និងសុំមិនប្តឹងផ្តល់អ្វីឡើយ។ លុះដល់វេលាម៉ោង២០ និង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ទើបកម្លាំងជំនាញសម្រេចឃាត់ខ្លួនជនបង្កខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរបន្ថែម ។ 

គួរបញ្ជាក់ករណីខាងលើកើតហេតុកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១២ និង២០នាទី បង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ប្រើអំពើហិង្សាទៅលើឪពុកបង្កើតឈ្មោះ ប៊ុត ឌៀប អាយុ ៥២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ។ 

ក្រោយកើតហេតុ ជនរងគ្រោះជាឪពុកមិនបានដាក់ពាក្យបណ្តឹងឬរាយការណ៍មកសមត្ថកិច្ចនោះទេ តែឈ្មោះ ប៉ឹង សុគន្ធ ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាកូនជនរងគ្រោះ បានផ្ញើវីដេអូខាងលើទៅឱ្យឈ្មោះ ថោង សារ៉ន ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាក្មួយជនរងគ្រោះ មានទីលំនៅនៅរាជធានីភ្នំពេញ ប្រើប្រាស់គណនីហ្វេសប៊ុកចំនួនពីរ មានឈ្មោះ រីណា និងឈ្មោះ នីល សារ័ត្ន ហើយក៏បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង៣០នាទីតែម្តង។ 

ក្រោយសាកសួរជាបឋមបានឱ្យដឹងថា មូលហេតុដែលឈានដល់ការប្រើអំពើហិង្សានេះ គឺបណ្តាលមកពីការយល់ច្រឡំ ដោយសារឪពុកមកពីធ្វើការហត់ហើយហូបបាយថ្ងៃរួចបានសម្រាក។ ស្របពេលជាមួយគ្នានោះកូនប្រុសដែលជាជនបង្កងើបពីដេកបានឡើងរកបាយហូប  ក៏ធ្វើឱ្យជ្រុះគម្របឆ្នាំងបាយលាន់លឺខ្លាំង ស្រាប់តែឪពុកភ្ញាក់ឡើងខឹងស្មានថាកូនបោកឆ្នាំបាយបានស្រែក ស្តីឱ្យកូនដោយនិយាយថា “មិនធ្វើការអី គិតតែដេក ងើបពីដេកបោកឆ្នាំងបាយទៀត” ។ រហូតមានទំនាស់ពាក្យសម្តីនឹងគ្នា បង្កឡើងជាហិង្សាតែម្តង តែមិនមានរបួសធ្ងន់នោះទេ។ 

បច្ចុប្បន្ន ជនបង្កឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖