ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៥ខែ ដើមឆ្នាំ២០២២ ផលប៉ះពាល់ដោយសារអាកាសធាតុនៅកម្ពុជា ថយចុះពាក់កណ្តាល បើធៀបរយៈពេល៥ខែ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃពុធទី០១​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖ នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២ ផលប៉ះពាល់ដោយសារអាកាសធាតុនៅប្រទេសកម្ពុជា មានការថយចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេល៥ខែ ដើមឆ្នាំ២០២២។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមការដឹកនាំរបស់ទេសរដ្ឋមន្ត្រី គន់ គីម បាននឹងកំពុងបង្កើនការផ្សព្វផ្សាយចូលជ្រៅដល់មូលដ្ឋាន អំពីវិធានការណ៍នការការពារ។

ដោយឡែកស្ថានភាពអាកាសធាតុសម្រាប់៥ខែ ដើមឆ្នាំ២០២២នេះ មានភាពល្អប្រសើរជាងឆ្នាំ២០២១ ដោយសារកម្ពុជា ទទួលរងកម្រិតកំដៅខ្សោយ ពុំក្តៅខ្លាំងដូចឆ្នាំ២០២១ ហើយភ្លៀងកក់ខែ កើតមានច្រើនក្នុងរដូវប្រាំង កាត់បន្ថយការប្រឈមនូវការខ្វះខាតទឹកប្រើប្រាស់ និងទឹកសម្រាប់ការបង្កបង្កើនផល ព្រមទាំងពុំសូវទទួលរងឥទ្ធិពលពីព្យុះក្នុងតំបន់។ ដូច្នេះ ផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ មានការថយចុះធៀបឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា។

សម្រាប់ខ្យល់កន្រ្តាក់កើតឡើងចំនួន ៧៩លើក បណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ចំំនួន ៥២៧ខ្នង, ផ្ទះរបើកដំបូលចំនួន ១,៧៧៧ខ្នង, មនុស្សស្លាប់២នាក់ និងរបួស១៦នាក់។ បន្ថែមពីនេះ រន្ទះបាញ់មនុស្សស្លាប់ចំនួន ២២នាក់, មនុស្សរបួសចំនួន ១៧នាក់ និងងាប់គោ ក្របីចំនួន ៥៣ក្បាលជារួមប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានការថយចុះប្រមាណពាក់កណ្តាល ហើយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននឹងកំពុងបង្កើនការផ្សព្វផ្សាយចូលជ្រៅដល់មូលដ្ឋាន អំពីវិធានការណ៍នការការពារ។

ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ តែងកើតមានរៀងរាល់ឆ្នាំ ទោះតិច ឬច្រើន។ ដូច្នេះ ត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ពិសេសក្នុងរដូវវស្សានេះ។

ប្រការសំខាន់ គឺការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដោយសារស្ថានភាពអាកាសធាតុ មានអំណោយផល នាំឱ្យមានភ្លៀងធ្លាក់ច្រើន។ គិតចាប់ពីខែមេសាមក មានជំនន់ទឹកភ្លៀងកម្រិតសាលកើតឡើងនៅតាមបណ្តាខេត្តជាបន្តបន្ទាប់។ ប្រសិនបើស្ថានភាពអាកាសធាតុក្នុងតំបន់មានការប្រែប្រួល ដែលបង្កឱ្យមានភ្លៀងធ្លាក់នៅអាងទន្លេមេគង្គលើ ទឹកទន្លេមេគង្គក៏អាចមានចលនាជន់ឡើងដែរ ទោះបីការព្យាករណ៍របស់ក្រសួងជំនាញថាទឹកទន្លេមេគង្គនៅស្ថានីយ៍ជលសាស្ត្របាសាក់ចតុមុខ មានកម្ពស់អតិបរមា ៩.៦៥ម ទាបជាងកម្រិតប្រុងប្រយ័ត្ន ១០.៥០ម ក៏ដោយ។

ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី សូមអំពាវនាវជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឱ្យមានការត្រៀមលក្ខណៈ និងប្រុងប្រយ័ត្នក្នុងរដូវវស្សានេះ ដែលគ្រោះមហន្តរាយដោយធម្មជាតិអាចនឹងកើតមានជាយថាហេតុ៕

ដោយ​៖ស​ តារា​


ចែករំលែក៖