ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្ត​កណ្តាល ៖ ប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់​ យកទៅប្រគល់ឱ្យកម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាលបានឱ្យដឹងនៅព្រឹកថ្ងៃ​អង្គារ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២២។ 

    តាមរបាយការណ៍ដដែល​បានបន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានកេីតឡេីង​កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

    ជនរងគ្រោះឈ្មោះ ឆែម ចាន់ឌី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ នៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។     ចំណែកជនសង្ស័យឈ្មោះ ទូច សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិពាម ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។

    សម្ភារបាត់បង់៖ កាបូបដៃម៉ាកGG ពណ៌ប្រផេះរូបតុក្កតា ក្នុងនោះមានលុយរៀលចំនួន ៧០០០០រៀល ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកប្រាក់ ដាក់ស្រោមពណ៌លឿង, បណ្ណចាក់វ៉ាក់សាំងចំនួន០២សន្លឹក និងបណ្ណសមាជិក ប.ស.ស ចំនួន០១សន្លឹក (ជារបស់ជនរងគ្រោះ យកបានមកវិញ)។

    វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាកហុហងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ លេខតួ5963189 និងលេខម៉ាស៊ីន5963189 ពាក់ស្លាកលេខ ភ្នំពេញ 1IR-4129 និងកាបូបស្ពាយចំហៀងពណ៌ទឹកប៊ិកចាស់ចំនួន០១ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព), កាបូបដៃម៉ាកGG ពណ៌ប្រផេះរូបតុក្កតាក្នុងនោះមានលុយរៀលចំនួន ៧០០០០រៀល ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកប្រាក់ ដាក់ស្រោមពណ៌លឿង បណ្ណចាក់វ៉ាក់សាំងចំនួន០២សន្លឹក និងបណ្ណសមាជិក ប.ស.ស ចំនួន០១សន្លឹក។

    យោងតាមរបាយការណ៍នគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកស្គូពីពណ៌ស ដោយដាក់កាបូបក្នុងឃ្លុបម៉ូតូខាងមុខ ជិះពីទិសខាងលិចទៅទិសខាងកើតតាមបណ្ដោយផ្លូវជាតិលេខ៤ ពេលជិះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបានជិះម៉ូតូតាមមកពីក្រោយ ហើយឆក់យកកាបូបរួចជិះគេចខ្លួនតែម្ដង ក្រោយមកជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយហើយស្រែកថាចោរៗ រហូតដល់ចំណុចតារាងបាល់ទះក្នុងភូមិចំការជោរ ឃុំពើក ស្រុកអង្គស្នួល ទើបត្រូវបានប្រជាពលរដ្ឋជួយស្ទាក់នឹងឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងបានតែម្ដង។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានក៏ចុះទៅដល់កន្លែង ហើយនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំតាមនីតិវិធីច្បាប់។

ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់យកកាបូបរបស់ជនរងគ្រោះប្រាកដមែន។ ចំពោះករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី ៕

ដោយ​៖អរុណ​រះ


ចែករំលែក៖