អតីតតារាបាល់ទាត់ឆ្នើមរបស់ប្រេស៊ីល Ronaldinho នឹងវិលត្រឡប់មកប្រកួតបាល់ទាត់ជាផ្លូវការវិញនៅខែក្រោយ ដោយចូលលេងឱ្យក្លិប Ravenna ដែលប្រកួតក្នុងលីគលំដាប់ទី៣ របស់អ៊ីតាលី ក្នុងជំនួបជាមួយគូប្រជែងក្នុងតំបន់ Forli នៅថ្ងៃទី១៥ ខែវិច្ឆិកា។ នេះបើយោងតាមការប្រកាសរបស់ក្លិប Serie C កាលពីថ្ងៃសុក្រ។
អតីតខ្សែប្រយុទ្ធរបស់ Barcelona និង AC Milan រូបនេះមានវ័យ ៤៦ ឆ្នាំហើយ។ លោកធ្លាប់ឈ្នះពាន World Cup ឆ្នាំ២០០២ ជាមួយក្រុមជម្រើសជាតិប្រេស៊ីល និងឈ្នះពាន Ballon d’Or នៅឆ្នាំ២០០៥។ ការប្រកួតផ្លូវការចុងក្រោយរបស់លោក គឺជាមួយក្លិប Fluminense របស់ប្រេស៊ីលក្នុងឆ្នាំ២០១៥ ខណៈលោកបានប្រកាសចូលនិវត្តន៍ជាផ្លូវការនៅឆ្នាំ២០១៨។
ក្លិប Ravenna បានចុះកិច្ចសន្យានាំយក Ronaldinho នៅខែមិថុនា ហើយក្រោយមក លោកក៏បានទិញភាគហ៊ុនមួយចំណែកនៅក្នុងក្លិបនេះផងដែរ។ ក្លិប Ravenna ជាកម្មសិទ្ធិរបស់មិត្តភក្តិរបស់លោក គឺលោក Ignazio Cipriani។
លោក Cipriani បាននិយាយថា ការផ្លាស់ប្តូរនេះមានគោលបំណង «ធ្វើឱ្យប្រជាជនទូទាំងទីក្រុងកាន់តែមានភាពជិតស្និទ្ធជាមួយក្រុមបាល់ទាត់»។
នៅពេលមកដល់ប្រទេសអ៊ីតាលីក្នុងខែសីហា Ronaldinho មិនទាន់បានបញ្ជាក់ច្បាស់ថា លោកនឹងចូលលេងក្នុងការប្រកួតនោះទេ ប៉ុន្តែលោកបានបើកចំហចំពោះលទ្ធភាពនៃការស៊ុតបញ្ចូលទីគ្រាប់ទី៣០០ ក្នុងអាជីពរបស់ខ្លួន។
កាលនោះ លោកបាននិយាយថា៖ «ខ្ញុំមកទីនេះដើម្បីជួយ»។
ការប្រកួតដ៏សំខាន់រវាង Ravenna និង Forli នឹងធ្វើឡើងនៅកីឡដ្ឋាន Stadio Bruno Benelli របស់ Ravenna។
បច្ចុប្បន្ន Ravenna កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល B នៃលីគ Serie C ដោយមាន ២០ ពិន្ទុ ពីការប្រកួត ១០ លើក ខណៈក្រុមកំពូលតារាង Spezia មានពិន្ទុលើសពួកគេចំនួន ៨ ពិន្ទុ៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច