ខេត្តស្វាយរៀង ៖ មានករណីអគ្គិភ័យឆេះផ្ទះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះនាំគ្នាដងទឹកជះពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកជួយធ្វើអន្តរាគមន៍ ប៉ុន្តែអកុសលយឹតពេលទៅហើយបន្ទាប់ពីឪពុកនៅក្នុងគ្រួសារស្រវឹងស្រាមកដុតផ្ទះកូនបណ្ដាលឱ្យស្លាប់ខ្លួនឯង និងរងរបួសមនុស្សម្នាក់ព្រមទាំងឆេះខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៧ខែមិថុនាឆ្នាំ២០២២ស្ថិតនៅចំណុចភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ។
យោងតាមមន្ត្រីនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា អ្នកស្លាប់មានឈ្មោះម៉ម យ៉ាវ ភេទប្រុស អាយុ៧២ឆ្នាំ ត្រូវជាឪពុក រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកអ្នករងរបួសត្រូវជាបងម្ចាស់ផ្ទះមានឈ្មោះឈួន សារី អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ។
ប្រភពបន្តថា រីឯម្ចាស់ផ្ទះមានឈ្មោះនឹម និត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយផ្ទះដែលរងការខូចខាតសង់អំពីឈើទំហំ៧ម៉ែត្រគុណនឹង៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ក្រាលក្ដារ ។
ចំណែកសម្ភារដែលខូចខាតរួមមាន៖មាស៥ជី, ប្រាក់ដុល្លារ៦០០$, ស្រូវ១៥តៅ, ទូដាក់ខោអាវ១, ប្លង់ដី២, អត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើត, សៀវភៅក២.ក៤និងសម្ភារប្រើប្រាស់មួយចំនួនធំ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានមហន្តរាយនេះគឺដោយសារឪពុកជាមនុស្សស្រវឹងខួបរាល់ថ្ងៃ ហើយបានយកដែកកេះដុតផ្ទះតែម្តង។
សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
ដោយ៖យឹម សុថាន