ខេត្តស្វាយរៀង៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀងបានចុះបង្ក្រាបនិងរុះរើឧបករណ៍នេសាទលូស្បៃមុងនៅមាត់ទន្លេវៃ៉គោស្ពានតាហោប្រមូលយកទៅកម្ទេចចោលដោយមានការអបអរសាទរពីប្រជាពលរដ្ឋ។
ករណីចុះបង្ក្រាបនិងរុះរើឧបករណ៍នេសាទលូស្បៃមុងធ្វើឡើងនៅវេលាព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០២២នៅចំណុចខាងត្បួងស្ពានតាហោ ស្ថិតក្នុងភូមិមេភ្លើងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង។
យោងតាមលោកស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀងបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០២២រូបលោកនិងក្រុមការងារបានចុះបង្ក្រាបបទល្មើសជលផលដោយបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្វាយរៀង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងរួមនឹងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ជាលទ្ធផលយើងបង្ក្រាបនិងរុះរើបានលូស្បៃមុងចំនួន១០មាត់ប្រវែង១២០ម៉ែត្រ។
ប្រភពដដែលបន្តថា រហូតមកដល់ម៉ោង២រសៀលថ្ងៃដដែលនេះលោកសេង សីលា អភិបាលរងខេត្តស្វាយរៀង និងលោកឈីវ អុិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកប៉ែន ផល្លីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត លោកស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផលខេត្ត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងនិងសមត្ថកិច្ចដែលពាក់ព័ន្ធក៏បានអញ្ជើញចូលរួមធ្វើការដុតកម្ទេចចោលលូស្បៃមុងទាំងអស់ផងដែរ។
សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២២នៅចំណុចខាងត្បួងស្ពានតាហោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង លោកស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀងបានចុះបង្ក្រាបនិងរុះរើដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្វាយរៀងនិងសមត្ថកិច្ចពាក់ព័ន្ធដែលជាលទ្ធផលបង្ក្រាបនិងរុះរើបានរួមមាន លូស្បៃមុងចំនួន២៥មាត់, លប កន្ទុយកណ្តុរចំនួន៥កន្ទុយប្រវែង៦០ ម៉ែត្រ, របាំងស្បៃមុងចំនួន១០៥០ម៉ែត្រនិងបង្កោលចំនួន៥០០ដើមយកទៅកម្ទេចចោល៕
ដោយ៖យឹម សុថាន