ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនជាតិចិន​ ៣នាក់​ រួមនឹងកាំភ្លើងខ្លី​មួយដេីម​ នៅខេត្ត​ព្រះសីហនុ​ ពាក់ព័ន្ធ​ករណី​ផ្ទុះ​អាវុធ​បណ្ដាលឱ្យ​មនុស្ស​ម្នាក់​រង​របួស​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​តាមការបញ្ជាក់ពី​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃសុក្រទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ បានធ្វេីការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនជាតិចិន​ ៣នាក់​ រួមនឹងកាំភ្លើងខ្លី​មួយដេីម​ នៅខេត្ត​ព្រះសីហនុ​ ពាក់ព័ន្ធ​ករណី​ផ្ទុះ​អាវុធ​បណ្ដាលឱ្យ​មនុស្ស​ម្នាក់​រង​របួស​។ 

ប្រភពដដែលបន្តថា​ បន្ទាប់ពី​មានបុរសជនជាតិចិនម្នាក់ បានមកប្តឹងរាយការណ៍ថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី មានជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់ ជិះរថយន្ត ៤ទៅ៥គ្រឿង ក្នុងមានរថយន្ត ២គ្រឿង ម៉ាក MERCERDES BENZ ពណ៌ស មានមនុស្ស ៣នាក់ និងម៉ាក TUNDRA ពណ៌ទឹកមាស មានមនុស្ស ១នាក់ បានចតនៅមុខក្រុមហ៊ុនរបស់មិត្តភក្តិគាត់ធ្វើការ ស្ថិតនៅភូមិ ៦ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ត្រៀមចាប់ជំរិតមិត្តភក្តិរបស់គាត់ ចំណែករថយន្ត ២ទៅ ៣គ្រឿងទៀត ឈប់នៅខាងក្រៅផ្លូវ ។ 

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ នៅក្នុងរថយន្ត ១គ្រឿង ម៉ាក MERCEDES BENZ រីឯជនសង្ស័យ ១នាក់ដែលនៅក្នុងរថយន្ត ម៉ាក TUNDRA បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចយើងបានស្ទូចរថយន្ត ម៉ាក TUNRDA មករក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំណែករថយន្ត២ ទៅ ៣គ្រឿងទៀត ដែលជាបក្ខពួករបស់ជនសង្ស័យបានបើករត់គេចខ្លួនបាត់ ។ 

ករណីនេះកើតឡើងដោយសារជនរងគ្រោះ និងជនសង្ស័យបានសហការគ្នារកស៊ីចាប់ពីអំឡុងខែកុម្ភៈ ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២២ ហើយពួកគេបានខាតប្រាក់អស់ចំនួន $១,២០០,០០០ (មួយលានពីរសែនដុល្លារអាមេរិក) បន្ទាប់មកជនសង្ស័យបានខឹងនឹងជនរងគ្រោះ ទើបរៀបចំផែនការចាប់ជំរិតជនរងគ្រោះតែម្តង ។ 

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦និង ០០នាទី កម្លាំងសមត្ថកិច្ចបានបង្កើតជាគណៈកម្មការឆែកឆេរ ដោយមានការចូលរួមពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ ជាលទ្ធផលក្នុងការឆែកឆេរ រកឃើញមានអាវុធខ្លី ០១ ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 បង់០១ គ្រាប់ចំនួន ០៨គ្រាប់ ។

ជនរងគ្រោះឈ្មោះ Yu Liang ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ EJ1529461 មុខរបរ អ្នករកស៊ី ស្នាក់នៅភូមិ ៦ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យ០៤នាក់ ៖

១-ឈ្មោះ Jin KaiBin ហៅ Lin Yi ឬក៏Xiao Bin ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ គ្មាន មុខរបរ សន្តិសុខ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ Wang Ying ហៅ អាយន្តហោះ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ គ្មាន មុខរបរ សន្តិសុខ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

៣-ឈ្មោះ Yang QianJun ហៅ Ta Jing ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ គ្មាន មុខរបរ សន្តិសុខ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

៤-ឈ្មោះ Min SiSong ហៅ Xiao Song ភេទប្រុស អាយុ ២៧ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH7292577 និងបក្ខពួកបានរត់គេចខ្លួនបាត់ ។

វត្ថតាងចាប់យកបានរួមមាន ៖ 

-ទូរស័ព្ទដៃចំនួន ០៥ គ្រឿង ម៉ាក Iphone X ពណ៌ស ០១ គ្រឿង ,ម៉ាក Iphone12 Pro Max ពណ៌ខៀវ ០១ គ្រឿង ,ម៉ាក Iphone13 Pro Max ពណ៌ប្រផេះ ០១ គ្រឿង ,ម៉ាក OPPO ពណ៌ខៀវ ០១ គ្រឿង និងម៉ាក Sansung Fold2 ពណ៌ផ្កាឈូក ០១ គ្រឿង ។

-កាត ០១ សន្លឹក និងកូនសោរផ្ទះ ០១ ។

-រថយន្ត ០១ គ្រឿង ម៉ាក MERCEDES BENZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-7333.។

-រថយន្ត ០១ គ្រឿង ម៉ាក TUNRDA ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-2050 ។

-កាំភ្លើងខ្លី ០១ ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 ,បង់ ០១ ,គ្រាប់ចំនួន ០៨ គ្រាប់ ។

បច្ចុប្បន្ន​ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ​៖សហការី​


ចែករំលែក៖