ខ្សែប្រយុទ្ធជម្រើសជាតិវែល Gareth Bale បានចូលរួមជាមួយក្លិប Los Angeles FC (LAFC) ក្នុងកិច្ចសន្យារយៈពេល១២ខែ ជាមួយនឹងជម្រើសរហូតដល់ឆ្នាំ២០២៤បន្ទាប់ពីការចាកចេញរបស់គាត់ពីម្ចាស់ជើងឯក La Liga ក្រុម Real Madrid ក្លិប Major League Soccer (MLS) បានប្រកាសកាលពីថ្ងៃចន្ទ។
កីឡាករវ័យ៣២ឆ្នាំដែលបានចុះហត្ថលេខាជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ពីក្លិប Tottenham Hotspur ក្នុងក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ២០១៣ ក្នុងតម្លៃផ្ទេរកំណត់ត្រា១០០លានអឺរ៉ូ (១០៥.៨៨៤លានដុល្លារអាមេរិក) នឹងចូលរួមជាកីឡាករមិនមានតម្លៃខ្លួនផ្ទេរ។
Bale បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ LAFC ថា “ខ្ញុំពិតជារំភើបខ្លាំងណាស់សម្រាប់ការផ្លាស់ប្តូរទៅកាន់ LAFC។ នេះគឺជាកន្លែងដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ និងជាពេលវេលាដ៏ត្រឹមត្រូវក្នុងអាជីពរបស់ខ្ញុំ ហើយខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្តើមធ្វើការជាមួយក្រុម និងត្រៀមខ្លួនដើម្បីឈ្នះពានរង្វាន់បន្ថែមទៀតនៅក្នុងទីក្រុង Los Angeles”។
Bale រីករាយនឹងការលើកពានជាមួយ Real Madrid ដោយឈ្នះពាន La Liga ៣ដង, ពាន Champions League ៥ដង, Club World Cup ៣ដង និង Spanish Cup ទោះបីពេលវេលារបស់គាត់នៅក្លិបត្រូវបានរំខានដោយរបួសក៏ដោយ។
កីឡាករសញ្ជាតិវែលរូបនេះទំនងជាត្រូវបានគេចងចាំបានល្អបំផុតសម្រាប់ការស៊ុតបញ្ចូលទី២គ្រាប់ រួមទាំងការទាត់បញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីឆ្នាំ២០១៨ទល់នឹងក្រុម Liverpool និងសម្រាប់ការរកបានគ្រាប់បាល់ឈ្នះដ៏អស្ចារ្យជាមួយនឹងក្រុម Barcelona នៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey កាលពីឆ្នាំ២០១៤។
Bale បានដឹកនាំក្រុមជម្រើសជាតិវែលទៅកាន់វគ្គចែកពូល World Cup ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៥៨ នៅពេលដែលពួកគេបានយកឈ្នះអ៊ុយក្រែន ១–០ ក្នុងវគ្គ Playoff របស់ពួកគេនៅទីក្រុង Cardiff កាលពីដើមខែនេះ។
ក្នុងក្លិបថ្មីនៅអាមេរិក Los Angeles FC រូបគេនឹងចូលរួមជាមួយខ្សែការពារអុីតាលី Giorgio Chiellini ដែលបានចុះហត្ថលេខាសម្រាប់ក្រុមក្នុងខែនេះបន្ទាប់ពីការចាកចេញរបស់គាត់ពី Juventus ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)