នៅថ្ងៃទី១០ខែកក្កដា ខណ្ឌចំនួន ៣៨ ក្នុងចំណោម៥៨ខណ្ឌនៅរដ្ឋកាលីហ្វ័រនីញ៉ា បានប្រកាសដាក់ក្នុងភាពអាសន្នពីករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។
មន្ត្រីសុខាភិបាលរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានប្រកាសថា អាចនឹងស្នើឱ្យអនុម័តកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ប្រភេទបំប្លែងថ្មី BA.4 និង BA.5។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ នៅអាមេរិកក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្ស ២៣,៩៣៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១០នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា ។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩០,៣៣៨,៦៥៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៤៥,៧៩២នាក់ និងជាសះស្បើយឡើងវិញសរុប ៨៥.៧៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។
មកទល់ពេលនេះ សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៩៨លានដូស ក្នុងនោះប្រជាជន ២៦០.៣២លាននាក់ (៧៩.០% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស និង ២២២.៤៥លាននាក់ (៦៧.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕
ដោយ៖ ធីរីណា(រូបថត ៖ AFP/TTXVN)