ខេត្តក្រចេះ ៖ ជនសង្ស័យដៃដល់ដែលព្យាយាមហែលទឹកទន្លេដើម្បីគេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកពូថៅកាប់លើស្រ្តីរងគ្រោះដែលត្រូវជាប្អូនថ្លៃចំកញ្ចឹងកខាងក្រោយបណ្តាលឱ្យស្លាប់នោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរស្ទាក់ចាប់បាននៅកណ្តាលទន្លេមេគង្គក្រោយកើតហេតុភ្លាមៗកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា នៅចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា នារីរងគ្រោះឈ្មោះ ទីង ស្រីម៉ៅ អាយុ២៧ឆ្នាំ ចំណែកឯជនសង្ស័យដៃដល់ជាបងថ្លៃឈ្មោះ ថា លីណាន អាយុ៣៤ឆ្នាំ ជាមនុស្សធ្លាប់កើតជំងឺសរសៃប្រសាទ មានទីលំនៅជាមួយគ្នាក្នុងភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។
បច្ចុប្បន្នជនសង្ស័យជាឃាតកត្រូវបានកម្លាំងជំនាញកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕
ដោយ ៖ សហការី