ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស នៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ចេញសេចក្ដីប្រកាសព័ត៌មាន ករណីទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស នៅកម្ពុជា ថ្ងៃទី ១៤-១៦ ខែកក្កដា ឆ្នាំ២០២២។

តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៤ ដល់ ១៦ ខែកក្កដា ឆ្នាំ២០២២ សំដៅពិនិត្យឡើងវិញ និង ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងបង់ក្លាដែស។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោករដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានចូលជួបសម្តែង ការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលក្នុងឱកាសនោះ លោក បានគូសបញ្ជាក់អំពីបំណងប្រាថ្នារបស់រដ្ឋាភិបាលបង់ក្លាដែស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច និងសន្តិសុខស្បៀង អាហារ ខណៈដែលពិភពលោកកំពុងតែប្រឈមជាមួយវិបត្តិស្បៀងអាហារ។ លោក ក៏បាន ជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ផងដែរអំពីស្ថានភាព និងចេតនារបស់រដ្ឋាភិបាលបង់ក្លាដែស ពាក់ព័ន្ធនឹងបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។

នៅថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក អាប់ឌុល ម៉ូប៊ិន មានជំនួប ពិភាក្សាទ្វេភាគី ដែលក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរព័ត៌មាន និងបទ ពិសោធន៍នានា អំពីដំណើរការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសរៀងៗខ្លួន ដោយចែករំលែកការយល់ដឹងរួមអំពីសារសំខាន់នៃសន្តិភាព និង ស្ថិរភាព ដែលជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ ដោយក្តីរីករាយចំពោះភាពស្រដៀងគ្នារវាងប្រទេសទាំងពីរលើទិដ្ឋភាពមួយចំនួន ដែលជាមូលដ្ឋាន សម្រាប់កសាង និងពង្រីកទំនាក់ទំនងល្អដែលមានស្រាប់។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូប៊ិន បានកោតសរសើរចំពោះចំនួនដ៏ច្រើននៃអ្នកទៅបោះឆ្នោត ដែលច្រើនជាង ៨០% នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលថ្មីៗនេះ ដោយឯកឧត្តមបានវាយតម្លៃថា ការ បោះឆ្នោតនេះបានប្រព្រឹត្តទៅដោយ “សេរី និងយុត្តិធម៌»។

នៅក្នុងក្របខ័ណ្ឌអាស៊ាន លោករដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានស្វែងរកការគាំទ្រពីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ចំពោះសំណើរបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនាតាម វិស័យរបស់អាស៊ាន។លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងចំពោះ លោករដ្ឋមន្ត្រី ការបរទេសបង់ក្លាដែស នូវការគាំទ្ររបស់កម្ពុជា ដោយគូសបញ្ជាក់ពីដំណើរការដែលតម្រូវឱ្យមាន ការឆ្លងកាត់ការវាយតម្លៃរបស់លេខាធិការដ្ឋានអាស៊ាន និងការព្រមព្រៀងជាឯកច្ឆន្ទក្នុងចំណោម ប្រទេសសមាជិកអាស៊ានទាំងអស់។

លោករដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពីស្ថានភាពជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ ប្រទេសមីយ៉ាន់ម៉ា ដែលបានទៅជ្រកកោនក្នុងប្រទេស បង់ក្លាដែស និងបានស្នើឲ្យកម្ពុជា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ជួយរកដំណោះស្រាយមួយ ប្រកបដោយនិរន្តរភាពដល់ការធ្វើមាតុភូមិនិវត្តន៍ឲ្យបានឆាប់រហ័ស មានសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ ដោយលើកឡើងថា បង់ក្លាដែសប្រាថ្នាចង់ឃើញដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍ជាលើកដំបូង កើតឡើងក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីរបស់ លោកអំពីការយកចិត្តទុកដាក់របស់អាស៊ាន និងប្រធានអាស៊ាន ចំពោះបញ្ហានេះ ដោយសង្កត់ធ្ងន់ថា ដំណោះស្រាយចំពោះរឿងនេះនឹងអាស្រ័យជាចម្បងលើ ដំណោះស្រាយវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា។ បន្ទាប់មកលោកឧបនាយករដ្ឋមន្ត្រី បានលើកឡើង អំពីការវិវត្តស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់លើភាពស្មុគស្មាញ និងបញ្ហាប្រឈម ដែលកំពុងជួបប្រទះ ក៏ដូចជាកិច្ចខិតខំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជា ប្រធានអាស៊ានឆ្នាំ២០២២ និងរបស់លោកផ្ទាល់ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ក្នុងការជំរុញការអនុវត្តការព្រមព្រៀងឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ ក្នុងគោលបំណងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីលទ្ធផលសំខាន់ៗនដំណើរ ទស្សនកិច្ចការងារទាំងពីរលើករបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីវឌ្ឍនភាព គួរឱ្យកត់សម្គាល់ទាក់ទងនឹងទិដ្ឋភាពមនុស្សធម៌ និងយ៉ាងហោចណាស់បានធ្វើឱ្យដំណើរការ នយោបាយរំកិលទៅមុខ។

រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្តី បារម្ភរួម និងមានផលប្រយោជន៍ទៅវិញទៅមក ដែលក្នុងឱកាសនោះលោករដ្ឋមន្ដ្រីការបរទេស អាប់ឌុល ម៉ូប៊ិន បានស្នើការគាំទ្រពីកម្ពុជាសម្រាប់បេក្ខភាពបង់ក្លាដែសនៅក្នុងអង្គការអន្តរជាតិមួយ ចំនួន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រគ្នាទៅវិញទៅមក លើវេទិកាពហុភាគីនានា។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយសាលាបណ្ឌិតសភាការទូតនៃក្រសួងការ បរទេសបង់ក្លាដែស។ លោករដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន ក៏បានផ្ដល់បទឧទ្ទេសនាមមួយ នៅក្នុងបាឋកថា ដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិផងដែរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖