ឆ្លើយតបនឹងសភាពការណ៍ប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវនៅតាមបណ្តោយព្រំដែន អាជ្ញាធរថៃបានប្រកាសពង្រឹងកម្លាំងការពារសន្តិសុខឱ្យកាន់តែរឹងមាំ និងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់បំផុត។ ក្រៅពីការបន្ថែមទ័ពទៅកាន់តំបន់ព្រំដែន ទីក្រុងបាងកកក៏បានផ្ញើសារព្រមានចំៗទៅកាន់អាជ្ញាធរមីយ៉ាន់ម៉ា ផងដែរ បន្ទាប់ពីមានគ្រាប់បាញ់ផ្លោងជាច្រើនបានធ្លាក់ចូលក្នុងដែនដីថៃជាបន្តបន្ទាប់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin TV កាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងពិសេស Rajamanu របស់ថៃ បានឱ្យដឹងថា ប្រសិនបើមានគ្រាប់ផ្លោង ឬគ្រាប់កាំភ្លើងធំពីខាងមីយ៉ាន់ម៉ា ធ្លាក់ចូលក្នុងទឹកដីថៃទៀតនោះ កងទ័ពថៃនឹងបាញ់គ្រាប់បែកផ្សែងតបតទៅវិញភ្លាមៗ ទៅកាន់ទីតាំងប្រភពដើមនៃការបាញ់នោះ ដើម្បីជាការសញ្ញាព្រមានពីការរំលោភលើអធិបតេយ្យភាព។ លើសពីនេះ ប្រសិនបើពិនិត្យឃើញថាជាការបាញ់ដោយចេតនា ឬបង្កគ្រោះថ្នាក់ដល់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនថៃ កងទ័ពនឹងប្រើប្រាស់វិធានការឆ្លើយតបសមស្រប ដើម្បីបង្ខំឱ្យភាគីពាក់ព័ន្ធបញ្ឈប់សកម្មភាពទាំងនោះ។
ទន្ទឹមនឹងវិធានការយោធា ថៃក៏នៅតែបន្តប្រកាន់យកជម្រើសការទូតផងដែរ ដោយប្រើប្រាស់យន្តការគណៈកម្មាធិការព្រំដែនថ្នាក់ក្រុង (TBC) និងថ្នាក់តំបន់ (RBC) ដើម្បីបង្កើតទំនាក់ទំនងបន្ទាន់ជាមួយកងទ័ពមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ក្រសួងការបរទេស និងកងទ័ពថៃ ក៏នឹងផ្ញើលិខិតតវ៉ាជាផ្លូវការ តាមប្រព័ន្ធការទូត ដើម្បីទាមទារឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ទទួលខុសត្រូវលើការខូចខាតដែលបានកើតឡើង។
គួររំលឹកផងដែរថា មួយរយៈពេលចុងក្រោយនេះ កងទ័ពថៃបានបង្កើនការដាក់ពង្រាយកម្លាំងយ៉ាងច្រើននៅក្នុងខេត្ត Tak និងខេត្ត Mae Hong Son ដែលជាតំបន់ព្រំដែនជាប់មីយ៉ាន់ម៉ា ដោយសារការប្រយុទ្ធគ្នានៅត្រើយម្ខាងទៀតមានភាពស្មុគស្មាញ និងគ្រោះថ្នាក់ខ្លាំង ដែលតែងតែបង្កផលប៉ះពាល់ដល់ពលរដ្ឋរស់នៅក្បែរនោះ។
បន្ថែមលើសពីនេះ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod បានឱ្យដឹងថា អាជ្ញាធរថៃបានរៀបចំជម្រក និងតំបន់សុវត្ថិភាព ដើម្បីទទួលប្រជាពលរដ្ឋខ្លួន រួមទាំងជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលរត់ភៀសខ្លួនពីសង្គ្រាម ដោយមានការត្រួតពិនិត្យ និងឆែកឆេរអាវុធ ឬវត្ថុខុសច្បាប់យ៉ាងម៉ត់ចត់បំផុត៕

ប្រភព៖ Amarin TV & Khaosod
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច