ព័ត៌មានទាន់ហេតុការណ៍៖

សងសឹកជួសមិត្តភក្តិទាញកាំបិតដេញកាប់សិស្សសាលាជម្ពូវ័នត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

    ភ្នំពេញ​៖​ សិស្សសាលាជម្ពូវ័ន១ក្រុមបានហៅបក្ខពួកមកដេញកាប់គូទំនាស់ជាសិស្សសាលាដូចគ្នាបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាដេញចាប់បាន២នាក់។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រសៀល​ថ្ងៃទី១៨​ ខែកក្កដា​ឆ្នាំ២០២២​ នៅចំណុចភ្លើងស្តុបមុខសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

    សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ទី១-ឈ្មោះ សូ​ សំណាង​ ភេទប្រុស អាយុ១៧​ឆ្នាំ​  មុខរបរជាអ្នកកាត់ស្មៅ​  ស្នាក់នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ​ និងទី២-ឈ្មោះ ទ្រី​ សុខនាង​ ភេទប្រុសអាយុ១៥ឆ្នាំ។ ចំណែកបក្ខពួកបីនាក់ទៀតជាសិស្សសាលាជម្ជូវ័នបានគេចខ្លួនបាត់។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញក្រុមក្មេងទំនេីងចំនួន២ក្រុម​ ដោយមួយក្រុមមានគ្នា៥នាក់​ ប្រដាប់ដោយកាំបិតប៉័ងតោ​៣ដេីម​ បានដេញកាប់ភាគីជាគូទំនាស់ម្ខាងទៀតមានគ្នា៣នាក់យ៉ាងប្រសាចពេញដងផ្លូវបណ្តាលឱ្យរងរបួសស្រាលម្នាក់​ ហើយភ្លាមៗនោះប្រជាការពារសង្កាត់ចោមចៅទី៣ក៏បានទាក់ទងទៅសមត្ថកិច្ចឱ្យចុះមកធ្វេីអន្តរាគមន៍ និងឃាត់ខ្លួនបាន២នាក់យកទៅសួរនាំ។ 

    តាមសម្តីឈ្មោះសូ​ សំណាង​ បានឱ្យដឹងថា​  ខ្លួនត្រូវបានមិត្តភក្តិដែលជាសិស្សសាលាជម្ពូវ័នពឹងឱ្យមកជួយសងសឹកជួសពួកគេ ព្រោះកន្លងមកភាគីដែលពួកគេដេញកាប់នោះធ្លាប់វាយមិត្តភក្តិខ្លួន ទេីបថ្ងៃនេះនាំគ្នាមកសងសឹកតែម្តង។ 

    បច្ចុប្បន្ន​ជនដៃដល់ត្រូវបានសមត្ថកិច្ចកំពុងសាងសួរនិងកសាងសំណុំរឿងបញ្ជូនទៅជំនាញចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖