ខេត្តបាត់ដំបង ៖ ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការយោធភូមិភាគទី៥ បានប្រារព្ធពិធីផ្សព្វផ្សាយផែនការណែនាំស្ដីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ដោយមានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងទីបញ្ជាការ និងតាមបណ្តាកងឯកភាពចំណុះ យោធភូមិភាគទី៥។
លោក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងបញ្ជាក់ថា ការងារអប់រំនយោបាយចិត្តសាស្ត្រ គឺជាកិច្ចការដ៏មានសារៈសំខាន់ ក្នុងការក្ដាប់ជាប់យុទ្ធសាស្ត្រនៃការងារសតិអារម្មណ៍របស់កងទ័ព និងទាមទារឲ្យមេបញ្ជាការរង ទទួលការងារនយោបាយអប់រំចិត្តសាស្ត្រ បន្តជំរុញការអប់រំសតិអារម្មណ៍ជាប់ជាប្រចាំ ឲ្យបានចូលជ្រៅ ទៅដល់គ្រប់នាយទាហាន នាយទាហានរង ពលទាហាន ទូទាំងយោធភូមិភាគទី៥ និងត្រូវយល់ឱ្យបានច្បាស់ថា សំណូមពរសំខាន់បំផុតនៃការងារសតិអារម្មណ៍ចំពោះមុខ គឺជាកិច្ចការសំខាន់ ត្រូវរួមគ្នាអនុវត្តឲ្យបានជោគជ័យ។
លោក ឧត្តមសេនីយ៍ឯក បានបន្តថា ដើម្បីសម្រេចភារកិច្ចទទួលបានជោគជ័យថ្មីៗថែមទៀតនាពេលខាងមុខ យើងទាំងអស់គ្នាត្រូវខិតខំពង្រឹងពង្រីកស្នាដៃ ដោយបន្តពង្រឹងកិច្ចការពារអធិបតេយ្យភាពជាតិ ពង្រឹងទីតាំងឈរជើងកសាងប្រព័ន្ធការពាររឹងមាំ ប្រព័ន្ធបញ្ជា ប្រព័ន្ធគាំទ្រ ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ចការពារជាតិ។ បន្តអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ឲ្យស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក ជាកម្លាំងដែលមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ គោរពស្រឡាញ់ប្រជាជន មានឆន្ទៈប្រយុទ្ធប្ដូរផ្ដាច់ការពារសន្តិភាព និងការពាររាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានរឹងមាំ។ បន្តអភិវឌ្ឍធនធានមនុស្ស ពង្រឹងសមត្ថភាពគ្រូបង្គោលអប់រំចិត្តសាស្ត្រ កសាងជួរនាយទាហានវ័យក្មេងបន្តវេន និងពង្រឹងខ្សែរយៈចាត់តាំងក្នុងជួរកងទ័ព បន្តពង្រឹងខ្សែរយៈជំនាញអប់រំចិត្តសាស្ត្រ និងព័ត៌មាន ។ អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវច្បាប់លក្ខនត្តិក និងបទបញ្ញត្តិទូទៅនៃកងយោធពលខេមរភូមិន្ទ សំដៅជ្រោងទង់ស្នេហាការពារជាតិ ទឹកដី និងប្រជាជន ឥតងាករេ កងទ័ពត្រូវគោរពការពាររដ្ឋធម្មនុញ្ញ និងដើតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងប្រឆាំងដាច់ខាតការប៉ុនប៉ងណាមួយដើម្បីផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត ពិសេសចូលរួមទប់ស្កាត់មិនឱ្យមានបដិវត្តន៍នៅលើទឹកដីខ្មែរជាដាច់ខាត៕
ដោយ ៖ សិលា