ខេត្តព្រៃវែង៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃចន្ទទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ សូមបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា ក្រុមការងារប្រតិកម្មរហ័ស និងព័ត៌មានបានពិនិត្យឃើញថា សារព័ត៌មាន ” CNT hotnews ” បានបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមថា៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២មានទីតាំងមាន់ជល់ តាមប្រព័ន្ធអនឡាញ ស្ថិតនៅភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង កំពុងរួមចំណែកយ៉ាងសកម្ម នៃការបង្កើតនូវបទល្មើសឲ្យកើតមានឡើងធ្វើឲ្យប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ និង សន្តិសុខសង្គម (វគ្គ១) …!!! ។
បន្ទាប់ពីទទួលព័ត៌មាននេះលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បញ្ជាឲ្យកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៏ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៏ចុះស្រាវជ្រាវទទួលបានលទ្ធផលដូចខាងក្រោម៖
ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ (ជល់មាន់តាមទូរទស្សន៏) ស្ថិតនៅភូមិ៦ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ។ ម្ចាស់ទីតាំងលក់កាហ្វេឈ្មោះ ហេ សួន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ គឺលួចបើកម្តងម្កាលពិតប្រាកដមែន។ ដោយឡែកសារព័ត៌មានឈ្មោះ CNT hotnews ចុះផ្សាយថាបើកលេងយូខែនិងសង្ស័យថាមានការបើកភ្លើងខៀវពីសមត្ថកិច្ចគឺមិនពិតនោះទេ ហើយសមត្ថកិច្ចក៏បានចុះទៅធ្វើការណែនាំម្ចាស់ទីតាំងខាងលើ ឱ្យបញ្ឈប់ការលេងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញនេះ និងធ្វើកិច្ចសន្យាគឺមានតែឡូតូ(៨៨៨៨) សតែប៉ុណ្ណោះពីព្រោះឡូតូ (៨៨៨៨) មានច្បាប់អនុញ្ញាត។
ជាមួយគ្នានោះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មាន CNT hotnews សាធារណជន និងពិសេសបណ្តាញទំនាក់ទំនងសង្គមដែលតែងតែសហការផ្តល់ព័ត៌មាន ឬតម្រុយនៃការប្រព្រឹត្តបទល្មើស ដើម្បីសមត្ថកិច្ចមានមូលដ្ឋាន ចាត់វិធានការអនុវត្តជំនាញ ឬ វិធានការច្បាប់បានទាន់ពេលវេលា៕
ដោយ៖សហការី