ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសរំលាយ ចាប់ពីពេលនេះតទៅ ហើយអំពាវនាវឱ្យសមាជិកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ប្រធាន អនុប្រធាន រួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សរុប ៩រូបរបស់ គណបក្សខ្មែរស្រឡាញ់ជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញប្រកាសរួមអំពីការរំលាយគណបក្សរបស់ខ្លួនចាប់ពីពេលនេះតទៅ ដោយសារតែមិនចង់ប្រឆាំងជាមួយ សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសប្រកបដោយត្រឹមត្រូវនោះឡើយ។

តាមរយៈសេចក្តីថ្លែងការណ៍ដែលទទួលបាន គណបក្សខ្មែរស្រឡាញ់ជាតិ បានលើកឡើងថា មូលហេតុ នៃការរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ គឺដោយសារខ្លួនមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍ និងអនាគត រុងរឿង ជាពិសេសកាលពីថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២២នេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ ផលប្រយោជន៍របស់ជាតិជាធំ។

«ដូច្នេះពុំមានហេតុផលណាមួយដែលយើងខ្ញុំនៅបន្តប្រឆាំងនឹងការដឹកនាំរបស់ សម្ដេចតេជោ និងគណបក្សប្រជាជនតទៅទៀតទេ»។ នេះជាការបញ្ជាក់របស់គណបក្សខ្មែរស្រឡាញ់ជាតិ។

គណបក្សខ្មែរស្រឡាញ់ជាតិ បានអំពាវនាវដល់សមាជិកគណៈកម្មាធិការនាយក និងសមាជិករបស់គណបក្សខ្មែរស្រឡាញ់ជាតិ និងបងប្អូនដែលកំពុងស្ថិតនៅក្នុងបក្សប្រឆាំងនាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជន ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖