ព័ត៌មានទាន់ហេតុការណ៍៖

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម រំពឹងសម្រេចបាន១២ ពាន់លានដុល្លារ​នៅឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖  ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងវៀតណាម សម្រេចបាន៩ពាន់លានដុល្លារនៅឆ្នាំ២០២១ និងរំពឹងថា នៅឆ្នាំ​២០២២នេះ នឹងសម្រេចបាន១២ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោកដុ វ៉ាន់ចៀន (Do Van Chien) លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នៅក្នុងពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

លោក ដុ វ៉ាន់ចៀន បានលើកឡើងថា ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងវៀតណាម សម្រេចបាន៩ពាន់លានដុល្លារ​នៅឆ្នាំ២០២១ និងសង្ឃឹមថា នៅឆ្នាំ២០២២នេះ នឹងសម្រេចបាន១២ពាន់លានដុល្លារ។

លោកបានបន្តថា គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានវាយតម្លៃខ្ពស់ពីការរីកចម្រើននូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាបងប្អូននៃប្រទេសទំាងពីរ ដែលមានការរីកចម្រើនជាលំដាប់ ទោះបីនៅក្នុងកាលៈទេសៈ​ដ៏លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាសកលនេះយ៉ាងណាក្តី។

សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា ទំនាក់ទំនង មិត្តភាពសាមគ្គីភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជានិងវៀតណាម ត្រូវបានថ្នាក់ដឹកនាំនិងប្រជាជន​ជាច្រើនជំនាន់រួមគ្នាពូនជ្រុំ និងកសាងជាបន្តបន្ទាប់ ដើម្បីតម្កល់ទុកជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង។ ទន្ទឹមនេះ នៅក្នុងរយៈពេលជាង៥ទសវត្សរ៍មកនេះ ប្រទេសទាំងពីរសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញ​ពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

សម្តេចក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងប្រសើរលើគ្រប់វិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទាំងសងខាង មានជាអាទិ៍ ការសម្រេចបានកំណើននៃពាណិជ្ជកម្ម​ទ្វេភាគីគួរឱ្យកត់សម្គាល់ ហើយថ្មីៗនេះ ប្រទេសទាំងពីរបានសហការគ្នាយ៉ាងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩ ដោយអាចបើកប្រទេសឡើងវិញ និងបានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖