ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល លោក បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

នៅក្នុងជំនួបដែលមានរយៈពេលជាង ២ម៉ោងនេះ គឺបានពិភាក្សាទៅលើទី១)ពាក់ព័ន្ធនឹងទំនាក់ទំនង និងកិច្ចពិភាក្សាទ្វេភាគី កម្ពុជា-ចិន , ទី២) ការផ្លាស់ប្ដូរការងារក្រៅពីកម្ពុជា និងចិន គឺមានការងារអាស៊ាន-ចិន និងការផ្លាស់ប្ដូរមតិយោបល់លើបញ្ហាអន្តរជាតិ។

សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចពិតជារីករាយដែលបានជួបឯកឧត្ដមជាថ្មីម្ដងទៀតក្នុងពេលវេលានេះ ដ្បិតកន្លងមកនេះ យើងមិនបានជួបគ្នាផ្ទាល់ដោយសារកូវីដ-១៩ ដូច្នេះហើយការជួបគ្នានៅពេលនេះ គឺជាការជួបមុខគ្នាដោយផ្ទាល់។ សម្ដេចបានបញ្ជាក់ផងដែរថា ឯកឧត្តមវ៉ាង យី ក៏បានចូលគាល់ព្រះមហាក្សត្រផងដែរក្នុងទស្សនកិច្ចនេះ ហើយក៏បានជួបជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាផងដែរ។

សម្តេចបានបន្តថា ទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន គឺបានចាក់គ្រឹះយ៉ាងមាំ ហើយក៏មានទំនាក់ទំនងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

ឯកឧត្តម វ៉ាង យី បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តមបានទទួលជួបពិភាក្សាការងារនៅពេលនេះ។ ឯកឧត្តម ក៏បាននាំនូវការជូនពរ និងសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាឯកឧត្តម នាយករដ្ឋមន្ត្រី លី​ ខឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀតផងដែរ ហើយឯកឧត្តមក៏បានជូនពរខួបកំណើតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី៥ ខាងមុខ ។

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីអ្វីដែលសំខាន់ គឺសម្ដេចបានប្រើប្រាស់ជីវិតរបស់សម្ដេច ក្នុងការកសាងប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍន៍ ក៏ដូចជាការស្ដារជីវិតក្នុងការរស់នៅរបស់ប្រជាជន ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាការលើកកម្ពស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ក្នុងជំនួបនេះឯកឧត្តម នៅតែបញ្ជាក់ពីជំហររបស់ប្រទេសចិនក៏ដូចជារដ្ឋាភិបាលចិន ចំពោះប្រទេសកម្ពុជាជាពិសេស ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយចិននឹងបន្តគាំទ្រដល់នយោបាយផ្ទៃក្នុងប្រទេសកម្ពុជា ក៏ដូចជានយោបាយការបរទេសផងដែរ ដែលនឹងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស គឺអបអរសាទរចំពោះការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកនេះ ដែលឆ្លុះបញ្ចាំងពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ដែលមានការគាំទ្រពីប្រជាពលរដ្ឋ។ ចិន គាំទ្រយ៉ាងរឹងមាំចំពោះចក្ខុវិស័យដ៏យូរអង្វែង ជាពិសេស ការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាគណបក្សប្រជាជន និងប្រទេសកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ក៏ដូចជាភាពឯករាជ្យរបស់ប្រទេសកម្ពុជាផងដែរ។ ទី៣ ចិននឹងបន្តគាំទ្រយ៉ាងរឹងមាំនៅថ្ងៃអនាគត ចំពោះការដឹកនាំជាពិសេសការបន្តវេននៃការដឹកនាំ ក៏ដូចជាកូនសោដ៏សំខាន់សំរាប់ការថែទាំសន្តិភាពរបស់កម្ពុជាផង ក៏ដូចជាសម្រាប់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិនផងដែរជាពិសេសទៀត ដោយសារប្រទេសទាំងពីរមានការកសាងសហគមន៍ និងជោគវាសនានៅថ្ងៃអនាគតជាមួយគ្នា ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ យើងមានទំនាក់ទំនងជិតស្និទ្ធក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ហើយជាពិសេសទៀត ទោះបីនៅក្នុងស្ថានភាពដែលមានលក្ខណៈមិនប្រាកដប្រជា ហើយការវិវត្តសភាពការណ៍ក្នុងតំបន់ និងពិភពលោក មានលក្ខណៈមិនច្បាស់លាស់នេះ ហើយជាពិសេសដោយសារកម្ពុជា និងចិន មានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណដល់ឯកឧត្តម វ៉ាង យី ដែលបានជូនពរដល់សម្ដេចក្នុងថ្ងៃខួបកំណើត ហើយក៏អរគុណចំពោះការផ្ញើនូវសារជូនពរពីឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ដូចជាឯកឧត្តម នាយករដ្ឋមន្ត្រីចិនផងដែរ។ សម្តេចតេជោក៏បានគូសបញ្ជាក់ពីអ្វីដែលជាការគាំទ្រពីប្រទេសចិនដល់ប្រទេសកម្ពុជា ចំពោះនយោបាយក្នុងប្រទេស ក៏ដូចជានយោបាយការបរទេសរបស់កម្ពុជាផងដែរ។

សម្ដេចតេជោក៏បានគូសបញ្ជាក់ពីទំនាក់ទំនងដែលយើងមាននៅពេលនេះរវាងកម្ពុជានិងចិន ហើយសម្ដេចបានបញ្ជាក់ថា សម្រាប់កម្ពុជាយើង បាននឹងបន្តរៀបចំ ហើយធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគីនេះ មិនមានការប្រែប្រួល ដោយយើងមានអ្នកបន្តវេន ជាពិសេសនៅក្នុងការងារទៅមុខទៀតនេះ ។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់យើងដែលនឹងបន្តនូវគ្រប់វិស័យទាំងអស់ដែលមានស្រាប់រវាងប្រទេសទាំងពីរ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗទៀតដែលយើងមាននាពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោក៏បានអបអរនូវលទ្ធផលនៃការប្រជុំរបស់គណៈកម្មការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរដែលទទួលបានលទ្ធផលដ៏ល្អ ជាពិសេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ។ សម្ដេចក៏បានអរគុណភាគីចិន ចំពោះការចូលរួមវិភាគទានក្នុងវិស័យដោះមីនក្នុងប្រទេសកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ធ្វើយ៉ាងណា ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយដែលគ្មានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជានយោបាយរបស់សម្ដេចតេជោ ធ្វើយ៉ាងណាឲ្យមានសន្តិភាពពេញលេញ និងមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាផង ដៃគូរអភិវឌ្ឍផង មិនត្រឹមតែប៉ុណ្ណោះទេ ក៏មានការចូលរួមគាំទ្រយ៉ាងខ្លាំងផងដែរពីព្រះមហាក្សត្រនាពេលកន្លងទៅនេះ ។

ទន្ទឹមនឹងនេះដែរ សម្ដេចតេជោក៏ស្នើឲ្យប្រទេសចិនគាំទ្រឱ្យបានច្រើនថែមទៀត ដោយសារយើងបានកំណត់គោលដៅច្បាស់លាស់ ជាពិសេសទៅទៀត គឺការគាំទ្រទៅដល់គោលដៅអភិវឌ្ឍន៍ដោយចីរភាព ដែលកម្ពុជាកំពុងជំរុញធ្វើយ៉ាងណា ឲ្យកម្ពុជាបានទទួលជោគជ័យនៅពេលខាងមុខនេះ។ សម្ដេចក៏បានគូសបញ្ជាក់ដែរថា កម្ពុជាពិតជាបានទទួលនូវអត្ថប្រយោជន៍ជាច្រើនជាពិសេសការទទួលបានការវិនិយោគពីប្រទេសចិនក៏ដូចជាការគាំទ្រពីជំនួយរបស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រទេសកម្ពុជាទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ក្រៅពីនេះ សម្ដេចតេជោក៏បានអរគុណប្រទេសចិនដែលបានជួយដល់ប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩​ ដែលកន្លងមកនេះ ធ្វើឲ្យកម្ពុជា បានប្រយុទ្ធប្រឆាំងបានជោគជ័យ ដោយសារមានការគាំទ្រការផ្ដល់នូវវ៉ាក់សាំងយ៉ាងសន្ធឹកសន្ធាប់ពីប្រទេសចិន ហើយវ៉ាក់សាំងចិន ក៏ជាបង្អែកមួយដ៏រឹងមាំដែលធ្វើអោយកម្ពុជា អាចប្រយុទ្ធប្រឆាំងជំងឺនេះទទួលបាននូវលំដាប់ថ្នាក់ទី១ ដែលមានការចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេ។ សម្ដេចថា ទោះបីយើងបានជោគជ័យហើយក៏ពិតមែន  តែការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ នៅតែជាការងារអាទិភាពរបស់ប្រទេសកម្ពុជា  ជាពិសេស ការបន្តធ្វើការលើវិស័យសុខភាពសាធារណៈ ដែលនៅតែជាវិស័យអាទិភាព ជាពិសេស ការបន្តធ្វើយ៉ាងណាឲ្យកម្ពុជា មានលទ្ធភាពផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ ដោយមានការជួយការជ្រោមជ្រែងពីប្រទេសចិន ក្នុងការផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា ដោយសារការចាក់វ៉ាក់សាំងបានច្រើនបំផុតនេះ ធ្វើឲ្យកម្ពុជា អាចបើកពេញលេញឡើងវិញ ហើយអាចឲ្យកម្ពុជាមានឱកាសក្នុងការស្ដារសេដ្ឋកិច្ចរបស់ខ្លួន។  សម្ដេចក៏បានគូសបញ្ជាក់ផងដែរអំពីការស្ដារសេដ្ឋកិច្ច ហើយនឹងការបើកសេដ្ឋកិច្ចឡើងវិញធ្វើឲ្យកម្ពុជា មានលទ្ធភាពក្នុងការនាំចេញកាន់តែច្រើន ហើយអាចបង្កើនចំណូលរបស់ខ្លួនកាន់តែច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកវ៉ាក់សាំង គឺជាដង្ហើមនៃសេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចក៏បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រទៅមុខទៀតថា នៅឆ្នាំ ២០២៤ ២០២៥ និង​ ២០២៦ ខាងមុខនេះ សម្តេចតេជោ ក៏បានត្រៀមឱ្យទិញវ៉ាក់សាំងទុកប្រមាណចំនួន ១០០លានដូសបន្ថែមទៀត ក្នុងការត្រៀមការចាក់វ៉ាក់សាំងការពារពេលខាងមុខ ដែលជាតម្រូវការធ្វើយ៉ាងម៉េចឲ្យកម្ពុជា បានឆ្លងផុតពីជំងឺកូវីដ-១៩ នាពេលខាងមុខនេះ។ 

សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលកម្ពុជា ចង់ឃើញថ្វីដ្បិតមកដល់ពេលឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានឡើងដល់ជាង ១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២ ទើបតែមកដល់រយៈពេល ៧ខែនេះ ទំហំពាណិជ្ជកម្មរបស់យើង ឡើងដល់ជាង ៩ ពាន់លានដុល្លារទៅហើយ ហើយអ្វីដែរដែលជាគោលដៅថ្មីរបស់ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងចិន សម្ដេច បានស្នើឱ្យឡើងទៅដល់ ១៥ពាន់លានដុល្លាររវាងកម្ពុជា និងចិន ។ មូលហេតុដែលសម្ដេចបានស្នើ ដោយសារយើងមានទី១)យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលបានចូលជាធរមានហើយ, ទី២)ដោយសារយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងកូរ៉េ ហើយទី៣) យើងមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ ដែលហៅថាអាសីប ដែលបានចូល ជាធរមានកាលពីខែមករា ឆ្នាំ២០២២ ផងដែរ។

សម្ដេចបានគូសបញ្ជាក់នៅក្នុងជំនួបនេះផងដែរដោយកាលពីព្រឹកមិញនេះ សម្ដេច បានស្នើឲ្យបណ្ដាសមាជិកអាស៊ានទាំងអស់ គាំទ្រប្រទេសកម្ពុជា ក្នុងការដាក់លេខាធិការដ្ឋានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នេះ នៅក្នុងរាជធានីភ្នំពេញ ហើយសម្ដេច ក៏បានស្នើឲ្យប្រទេសចិន ជួយគាំទ្រដល់សំណើរបស់សម្ដេចផងដែរ ដែលប្រទេសចិន ជាប្រទេសមួយដ៏ធំនៅក្នុងក្របខណ្ឌអាសិបនេះ។ ជាមួយគ្នាផងនេះផងដែរ​ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើតាមរយៈឯកឧត្តម អោយបន្តជួយកម្ពុជា តាមរយៈការនាំចូលនូវកសិផល និងផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានដូចជា អង្ករ ផ្លែមៀនជាដើម ហើយនិងបណ្ដាផលិតផលកសិកម្មផ្សេងៗទៀត ដោយសារតម្រូវការនៅទីផ្សារចិនមានច្រើន។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចក៏បានស្នើឲ្យប្រទេសចិន បន្តបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខនេះ ហើយស្នើឱ្យប្រទេសចិន បង្កើនចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ។ ក្រៅពីនេះទៀត សម្ដេច ក៏បានស្នើឱ្យចិន ពិចារណាជួយដល់វិស័យថាមពល ដែលជាវិស័យសំខាន់របស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងស្ថានភាពដែលមានផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន។ ថាមពលនេះ គឺមានសារៈសំខាន់ផងដែរ។ ក្រៅពីនេះទៀត

សម្ដេចតេជោនិងឯកឧត្តម វ៉ាង យី ក៏បានផ្លាស់ប្ដូរមតិលើបញ្ហាសភាពការណ៍នៅមីយ៉ាន់ម៉ា បញ្ហាសង្រ្គាមអ៊ុយក្រែនជាដើម ហើយនិងស្ថានភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ ជាពិសេស នៅក្នុងពេលបច្ចុប្បន្ន ។

ឆ្លើយតបទៅនឹងសំណើរបស់សម្តេចតេជោ ឯកឧត្តម វ៉ាង យី បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយឯកឧត្តមបានថ្លែងអំណរគុណសម្ដេច ដោយបានលើកចំណុចទាំងឡាយនោះ ជាពិសេសទៀត គឺជាការបង្ហាញនូវកិច្ចសន្ទនាមួយដែលមានសារៈសំខាន់។​ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជា ឆ្នាំនេះជាប្រធានប្ដូរវេនអាស៊ាន ដែលមានតួនាទីសំខាន់ធ្វើឱ្យទំនាក់ទំនងរវាងអាស៊ាន និងចិន ក្នុងពេលវេលានេះ មានសារៈសំខាន់ណាស់ ហើយដោយសារតែទៅលើការទុកចិត្តនៃលើគ្នាទៅវិញទៅមកនេះជាពិសេសមិនត្រឹមតែប៉ុណ្ណោះទេ គឺយើងអាចពឹងពាក់គ្នាទៅវិញទៅមកផងដែរ។

ពាក់ព័ន្ធនឹងការខិតខំព្យាយាមប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្ដារឡើងវិញទាំងសេដ្ឋកិច្ច ទាំងវិស័យផ្សេងទៀត ឯកឧត្តម វ៉ាង យី បានគូសបញ្ជាក់ថា ចិននឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា។ ឯកឧត្តមក៏បានឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់សម្តេចតេជោដែលបន្តមានឆន្ទៈក្នុងការគាំទ្រពីនយោបាយចិនតែមួយ ហើយជាពិសេសទៀត គឺឯកឧត្តមបានគូសបញ្ជាក់ថា ចិននឹងធ្វើអ្វីៗ នឹងព្យាយាមជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេសនេះ។

ពាក់ព័ន្ធនឹងវិស័យវិនិយោគ ឯកឧត្តម បានបញ្ជាក់ថា ថ្វីដ្បិតបច្ចុប្បន្ន ប្រទេសចិន មានការវិនិយោគច្រើនជាងគេមែន ប៉ុន្តែប្រទេសចិន និងបន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។​ ពាក់ព័ន្ធនឹងវ៉ាក់សាំង ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលណាកម្ពុជាមានតម្រូវការ ចិននឹងជួយផ្ដល់នៅក្នុងលក្ខណៈអាទិភាពជូនកម្ពុជា។ពាក់ព័ន្ធនឹងការនាំចូលនូវកសិផលនៃវិស័យកសិកម្មវិញ ចិនពិតជារីករាយនូវការបន្តនាំចូលកសិផល និងផលិតផលពីប្រទេសកម្ពុជា ដោយឯកឧត្ដមបានគូសបញ្ជាក់ថា ប្រទេសចិន ជាទីផ្សារធំ ដូច្នេះហើយអាចមានតម្រូវការច្រើន។ ពាក់ព័ន្ធនឹងជើងហោះហើរ ឯកឧត្តមបានមានប្រសាសន៍ថា ជើងយន្តហោះ បានត្រឡប់មកធម្មតាវិញហើយ ហើយចិន នឹងពិចារណាក្នុងការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។ 

ពាក់ព័ន្ធនឹងវិស័យថាមពល ភាគីចិន និងពិនិត្យមើលលើករណីនេះ ហើយនឹងសិក្សារួមគ្នា ដើម្បីជំរុញក្នុងវិស័យថាមពលនេះផងដែរ។ជារួម កិច្ចពិភាក្សារវាងសម្ដេចតេជោ និងឯកឧត្តម វ៉ាង យី គឺមានភាពស៊ីជម្រៅក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសទៀតគឺការបង្កើនទាំងវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍផងដែរ។

ជាចុងក្រោយ ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍ថា សម្ដេចក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ មានការប្រឈមជាច្រើន ដូចដែលសម្តេចមានប្រសាសន៍ថា បញ្ហានេះមិនមែនជាដំឡូងក្ដៅទេ គឺជាថ្មក្ដៅ ដែលបន្ថែមម្ដងបន្តិចម្ដងបន្តិចតែបាយថ្មក្ដៅនេះ ឱ្យទៅជាមាសបាន ដោយសារការពិនប្រសព្វ និងបទពិសោធន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសទៀត ឯកឧត្ដម មានការជឿជាក់ថា កម្ពុជា មានគោលជំហរមួយដ៏អស្ចារ្យនៅក្នុងពិភពលោកនេះ តាមរយៈការងារជាប្រធានអាស៊ាននេះផងដែរ។

សម្ដេចតេជោ បានស្នើតាមរយៈឯកឧត្តម វ៉ាង យី គោរពជូនពរ ផ្ដាំសួរសុខទុក្ខដល់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តម នាយករដ្ឋមន្ត្រី លី ខឺឈាង ហើយក៏បានជូនពរឲ្យមហាសន្និបាតរបស់គណបក្សកុម្មុយនីសចិនលើកទី២០នេះ ទទួលបានជោគជ័យផងដែរ ៕

ដោយ៖ ស តារា


ចែករំលែក៖