ខេត្តស្ទឹងត្រែង ៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរួមជាមួយគណៈកម្មការថ្នាក់ខេត្ត បានចុះត្រួតពិនិត្យទីតាំងផលលិតអន្សមជ្រូកខ្មែរឆ្ងាញ់ពិសេសប្រចាំតំបន់ ស្ថិតនៅភូមិព្រែកសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដើម្បីឈានទៅរៀបចំចុះបញ្ជី កម្មសិទ្ធបញ្ញា បង្កើតជាភូមិមួយមានផលិតផលមួយ និងបានរក្សានូវមរតកដូនតាផងដែរ។
លោក ឡា ពុទ្ធី អនុប្រធានមន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបង្កើតបានមុខរបរសមស្រប និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចជានំអន្សមជ្រូកឆ្អាញ់នេះជាដើម គណៈកម្មការថ្នាក់ខេត្តវាយតម្លៃពីលក្ខណសម្បត្តិ ដូចជាទីតាំងផលិត រយពេលផលិត បរិមាណ គុណភាព សោភណ្ឌភាព និងការផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារ ដែលជាមូលដ្ឋានចាំបាច់សម្រាប់បំពេញឱ្យលក្ខខណ្ឌ ដែលគណៈកម្មការចង់បាន។
លោកបន្តថា ក្រៅពីលក្ខណសម្បត្តិ ខាងលើតម្រូវឱ្យម្ចាស់អាជីវកម្មបំពេញបែបបទស្នើសុំ សម្រាប់បញ្ជូនទៅក្រសួងពាក់ព័ន្ធ បង្កើតទៅជាភូមិមួយមានផលិតផលមួយដើម្បីជួយទ្រទ្រុងផលរបរនិងបានទាក់ទាញអតិថិជនឱ្យមកគាំទ្រ ហើយនាំគ្នាផលិតឱ្យមានលក់ជាអចិន្ត្រៃប្រចាំក្នុងតំបន់ និងនាំចេញទៅទីផ្សារក្រៅខេត្តផងដែរ។
លោក ស្រីង៉ែត សុភា អ្នកប្រកបរបរវេចនំសន្សមជ្រូកឆ្ងាញ់ នៅភូមិព្រែកសង្កាត់ក្រុងស្ទឹងត្រែងបានអះអាងថា មុខរបរនេះលោកស្រីបង្កើតឡើងរយពេលជិត៥ឆ្នាំំមកហើយ បច្ចុប្បន្នមានអតិថិជនបញ្ជាទិញយកទៅលក់បន្តនៅតាមបណ្តាខេត្តនានា ក្នុងតម្លៃនំមួយ ១០.០០០រៀល ចំណែកអ្នកលក់បន្ត១២.០០០រៀល ហើយនៅចុងឆ្នាំ២០២២នេះលោកស្រីនិងបង្កើតស្តង់លក់មួយប្រចាំនៅក្នុងភូមិតែម្តងសម្រាប់បម្រើឱ្យអតិថិជននៅក្នុងខេត្ត។
លោកស្រីបន្តថា នំសន្សមនេះត្រូវផលិតប្រចាំជារៀងហូត ដើម្បីនាំគ្នាអភិរក្សស្នាដៃមរតកដូនតាយើងផង និងបានបង្ហាត់បង្រៀនប្អូនៗយុវជន យុវនារីជំនាន់ក្រោយឱ្យចេះផលិត ដើម្បីមានមុខរបរសម្រាប់លក់ដូរ រកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃនៅក្នុង ស្រុក ភូមិ។
លោកស្រីសាន ឆវី អ្នកបច្ចេកទេសវេចនំអន្សមបានបញ្ចាក់ថា៖នៅខេត្តស្ទឹងត្រែងមានបងប្អូនអាជីវករលក់នំច្រើនប្រភេទដូចជា -នំបទ-នំគម – នំអន្សមចេក- និងនំអន្សមជ្រូក ផលិតឡើងមានភាពច្នៃប្រឌិតខុសៗគ្នា ដើម្បីទាក់ទាញអតិថិជន។
លោកស្រីបន្តថា នំអន្សមជ្រូកឆ្ងាញ់នេះផលិតឡើងមានគ្រឿងផ្សំច្រើនដើម្បីច្នៃក្រឌិតឱ្យមានរស់ជាតិឆ្ងាញ់ ដូចជាអង្ករបញ្ចូលក្លិនស្លឹកតយ សាច់ជ្រូកដាក់គ្រឿង ម្រេច ខ្ទឹម ស្កប៊ីចេង លាយស្នូលពងទាធ្វើជាស្នូលបន្ថែម ដើម្បីបង្កើនរស់ជាតិឱ្យកាន់តែឆ្ងាញ់ អតិថិជនចូលចិត្តបរិភោគ។
សូមបញ្ជាក់ថា មន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈ រួមនិងគណកម្មការថ្នាក់ខេត្ត រៀបចំបង្កើតភូមិមួយផលិតផលមួយពិតជាបានលើកទឹកចិត្តដល់បងប្អូនអាជីវករដែលបានខិតខំបង្កើតស្មាដៃរបស់ខ្លួន ដូចជាអ្នកប្រកបមុខរបរដុតក្រឡានលក់ប្រចាំគ្រួសារ របស់អ្នកភូមិហាងខូបាន,នំអន្សមជ្រូកឆ្ងាញ់នៅភូមិព្រែក ,ការផលិតណែមធ្វើពីត្រីក្រាយធម្មជាតិនៅសង្កាត់ក្រុង ស្ទឹងត្រែងជាដើម៕
ដោយ៖ សូរិយា