ប្រទេសថៃ ៖ នៅក្នុងដំណើរបំពេញបេសកកម្មចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរស់នៅនិងកន្លែងធ្វើការងាររបស់បងប្អូនពលករកម្ពុជា តបតាមការអញ្ជើញរបស់រោងចក្រ CPF (Thailand) Public Company Limited. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន C.P. Group ប្រទេសថៃ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយលោក CHARIN Tongsuk អភិបាលរង រួមជាមួយប្រធានមន្ទីរការងារខេត្ត និងស្នងការរបស់ខេត្តនគររាជសីមា នៃប្រទេសថៃ។
នាឱកាសនោះ ក្នុងនាមអភិបាលខេត្ត លោក CHARIN Tongsuk បានទទួលស្វាគមន៍លោកបណ្ឌិត អ៉ិត សំហេង និងគណៈប្រតិភូយ៉ាងកក់ក្តៅបំផុត ដែលបានអញ្ជើញមកកាន់ខេត្តរបស់លោក និងបានជម្រាបជូនពីស្ថានភាពរួមរបស់ពលករកម្ពុជាដែលកំពុងធ្វើការនិងស្នាក់នៅក្នុងខេត្តនគររាជសីមា ជូនដល់គណៈប្រតិភូផងដែរ។
លោកបណ្ឌិត អ៉ិត សំហេង ក៏បានលើកឡើងថា តាមរយៈនៃកិច្ចព្រមព្រៀងនៃប្រទេសយើងទាំងពីរកម្ពុជា-ថៃ មកដល់ពេលនេះ គឺមានកិច្ចសហការជាមួយគ្នាបានយ៉ាងល្អលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំប្រទេស ប្រជាពលរដ្ឋ និងអ្នកវិនិយោគបានធ្វើដំណើរចេញចូលប្រទេសទាំងពីរយ៉ាងមមាញឹក ក្រោយពីបើកសេដ្ឋកិច្ចប្រទេសឡើងវិញ។ ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរក៏កាន់តែធំឡើងៗ នេះកើតចេញពីចំណងមិត្តភាព ដ៏រឹងមាំនៃប្រទេសយើងទាំងពីរ។
ទាក់ទងទៅនឹងកម្លាំងពលកម្ម លោករដ្ឋមន្ត្រីបញ្ជាក់ថា ប្រទេសទាំងពីរមានកិច្ចព្រមព្រៀងលើវិស័យកម្លាំងពលកម្មនិងការងារនេះតាំងពីឆ្នាំ២០០៣ រហូតដល់បច្ចុប្បន្ន មានអនុស្សរណៈយោគយល់គ្នាចំនួន២ គឺវិស័យការងារ និងការផ្លាស់ប្តូរកម្លាំងពលកម្ម។ លោកបណ្ឌិតបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះពិតជាបានផ្តល់ប្រយោជន៍ទៅវិញទៅមក ដែលជាកិច្ចសហប្រតិបត្តការឈ្នះ=ឈ្នះ។ ឈ្នះរបស់កម្ពុជាគឺផ្តល់ឱកាសការងារដល់ពលកររបស់ខ្លួនដោយទទួលបានប្រាក់ខែសមរម្យ ការថែទាំយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងខាងរោងចក្រសហគ្រាស ព្រមទាំងទទួលបាននូវបទពិសោធន៍ ចំណេះជំនាញពីការងារ។ ចំពោះភាពឈ្នះរបស់ភាគីថៃគឺទទួលបានកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅលើខ្សែចង្វាក់ផលិតរបស់រោងចក្រសហគ្រាសរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បញ្ជាក់ថា ពលកររបស់កម្ពុជាមានសិទ្ធិដូចពលករបរទេស និងសិទ្ធិដូចពលករថៃស្របតាមផ្លូវច្បាប់ ហើយបានថ្លែងអំណរគុណដល់អាជ្ញាធរថៃដែលនៅក្នុងដំណាក់កាលរាតត្បាតកូវីដ-១៩ ពលករកម្ពុជាទទួលបានការព្យាបាល និងចាក់វ៉ាក់សាំងដូចជាពលរដ្ឋថៃដែរ។ លោកបណ្ឌិតក៏អរគុណខាងក្រុមហ៊ុនដែលទទួលយកពលករកម្ពុជាបានធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្លួន មានប្រាក់ខែសមរម្យ និងការថែទាំលើសេវាផ្សេងៗទៀតបានល្អ។ ម្យ៉ាងវិញទៀត កម្លាំងពលកម្មដែលមកពីកម្ពុជាពិតជាមានភាពស៊ីចង្វាក់គ្នាជាមួយនឹងពលរដ្ឋថៃ ពីព្រោះប្រទេសយើងទាំងពីរមានទំនៀមទម្លាប់ ប្រពៃណី សាសនា ការរស់នៅស្រដៀងគ្នា។
លោកអភិបាលរងខេត្តនគររាជសីមា និងខាងតំណាងក្រុមហ៊ុន CPF បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូចុះមកពិនិត្យផ្ទាល់ពីស្ថានភាពការងារ និងការរស់នៅរបស់ពលករកម្ពុជាដែលបាននិងកំពុងធ្វើការនៅក្នុងក្រុមហ៊ុន ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរនៅតែបន្តភាពល្អប្រសើរជាមួយនឹងគ្នាបន្ថែមទៀត៕
ដោយ៖ ស តារា