ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ បំពាក់ជូនសប្បុរសជន ជាជនជាតិជប៉ុន ចំនួន០៣រូប ដែលបានផ្តល់ដីមួយកន្លែងសំរាប់ធ្វើសួនច្បារសាធា រណៈ មានទីទាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ពិធីបំពាក់គ្រឿងឥស្សរិយយសនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ សីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ប្រភេទ មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០៣គ្រឿង ត្រូវបានបំពាក់ ជូនក្រុមគ្រួសារសពលោក KOJ Kan zaki គឺលោកស្រី MICHIKO, Kanzaki និងកូនបង្កើត ចំនួន០២រូបទៀត គឺលោក SATO SHI Kanzaki និងលោកស្រី YOKO Kanzaki ។
ការប្រគល់គ្រឿងឥស្សរិយយសនេះ គឺដើម្បី ចូលរួមជាការលើកទឹកចិត្តនិងតបស្នងដល់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHI KO KANZAKI) ត្រូវជាភរិយានិងជាតំណាងសន្តិជនរបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ដែលបានផ្តល់ដីសម្រាប់ធ្វើសួនច្បារ ស្ថិតនៅភូមិល្វា និងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកប្រាស់ប្រាស់ជាប្រយោជន៍សាធារណៈ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ដីសួនច្បារមួយកន្លែងខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាឡើងអោយក្លាយជាកន្លែងកំសាន្តសាធារណៈ មានសួនច្បារ មានដើមឈើ កន្លែងហាត់ប្រាណ មានជាផ្លូវសម្រាប់ធាក់កង់ ជាមួយកសាងជាហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ដូចជារៀបចំជាបន្ទប់ទឹកសាធារណៈ ការកាយប្រឡាយបង្ហូរទឹកជាដើម។ ចំពោះសួនច្បារមួយកន្លែងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអោយជំនាញចុះសិក្សារួចរាល់ហើយ ក្រោយពីស្ថាបនារួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងអញ្ជើញ ក្រុមគ្រួសារសពលោក KOJ Kanzaki គឺលោកស្រី MICHIKO, Kanzaki ព្រមទាំងកូនបង្កើត មកពិនិត្យជាថ្មី។
លោក ឃួង ស្រេង ក៏បានថ្លែងនូវការដឹង គុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្រុមគ្រួសារសពលោក KOJ Kanzaki ដែលបានបរិច្ចាគ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីជួយកសាង និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់បំព្រង៕
ដោយ ៖ សំរិត