ខេត្តស្វាយរៀង៖ លោក ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ស្វាយរៀងបានថ្លែងថាកម្មវិធីអប់រំជំនាញវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្មធ្វើឡើងដើម្បីឆ្លើយតបតម្រូវការជំនាញជាក់ស្តែង និងអ្នកបច្ចេកទេសវិស្វកម្មរបស់បណ្តាក្រុមហ៊ុនរោងចក្រនាពេលបច្ចុប្បន្ន និងអនាគត។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២២ក្នុងពិធីស្ដីពីការប្រកាសបើកដំណើរការជាផ្លូវការជំនាញវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្ម នៅសាកលវិទ្យាល័យស្វាយរៀងក្នុងសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។
ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោកឡឹកវីរះ សាកលវិទ្យាធិការរង សាកលវិទ្យាល័យស្វាយរៀង លោកតំណាងពីនាយកដ្ឋានឧត្តមសិក្សាតំណាងពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកលោកស្រីមន្ទីរពាក់ព័ន្ធ លោកតំណាងពីក្រុមហ៊ុននិងរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង-បាវិត សិស្សានុសិស្សពីវិទ្យាល័យសរុប ២៥៦ រូប។
លោក បន្តថា ដើម្បីចូលរួមចំណែកពង្រឹង និងលើកកម្ពស់សមត្ថភាពធនធានមនុស្សសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ក៏ដូចជាផ្តល់នូវអ្នកបច្ចេកទេសជំនាញវិស្វកម្ម ដើម្បីបំពេញអោយតម្រូវការរបស់ក្រុមហ៊ុនរោងចក្រឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង-បាវិត សាកលវិទ្យាល័យស្វាយរៀងនឹងបើកដំណើរការជំនាញថ្មីចំនួនពីរទៀតគឺជំនាញវិស្វកម្មមេកានិច (Mechanical Engineering) បានដំណើរការនៅឆ្នាំសិក្សា២០២០-២០២១ និងជំនាញវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្ម (Electronics and Automation Engineering) ដែលនឹងបើកដំណើរការក្នុងឆ្នាំសិក្សា២០២២-២០២៣។
លោក បន្តថាសាកលវិទ្យាល័យស្វាយរៀង ជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលមានតួនាទីសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបណ្តុះបណ្តាល និងផ្គត់ផ្គង់ធនធានមនុស្សដែលមានសមត្ថភាព វិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ដល់ស្ថាប័នរដ្ឋ និងវិស័យឯកជននានា។
ស្របគ្នានេះដែរ ដើម្បីសម្រេចវិធីសិក្សារវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្មនេះឲ្យមានប្រសិទ្ធភាពខ្ពស់បានទទួលការផ្ដល់យោបល់ និងពិភាក្សាជាមួយដៃគូរពាក់ព័ន្ធ ជាពិសេសពីអ្នកជំនាញរៀបចំកម្មវិធីសិក្សាសម្រាប់ឧត្ដមសិក្សាផងដែរ។
បន្ទាប់ពីការពិភាក្សា និងធ្វើការជាមួយគ្នាជាច្រើនខែកន្លងមក កម្មវិធីសិក្សាជំនាញវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្មត្រូវបានសម្រេច និងធ្វើការប្រកាសបើកដំណើរការជាផ្លូវការដល់លោកគ្រូអ្នកគ្រូនៅតាមវិទ្យាល័យ និងក្រុមហ៊ុនរោងចក្រដែលមានបំណងបញ្ជូនសិស្សានុសិស្ស និងបុគ្គលិកមកបន្តការសិក្សានៅសាកលវិទ្យាល័យ ស្វាយរៀង។
សូមបញ្ជាក់ថា គោលបំណងកម្មវិធីនេះមានដូចជាការប្រកាសបើកដំណើរការជាផ្លូវការកម្មវិធីសិក្សាវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្មនៅសាកលវិទ្យាល័យស្វាយរៀងបង្ហាញពីវឌ្ឍនភាពនៃសាកលវិទ្យាល័យស្វាយរៀងនាពេលបច្ចុប្បន្នលទ្ធផលរំពឹងទុក ៕
ដោយ៖យឹម សុថាន